ភ្នំពេញ​ ៖ ក្មេងប្រុសពីរ​នាក់​បងប្អូន​បង្កើត​ជិះ​កង់​ឌុប​គ្នាទៅលេង​ទឹករណ្ដៅ​ដី​មួយ​កន្លែង​ ប្អូន​ប្រុស​រអិល​ធ្លាក់​ចូល​ទឹក​បណ្តាល​អោយ​លង់​ស្លាប់​។

ហេតុការណ៍​នេះ​​បាន​កើត​ឡេីង​កាល​ពី​វេលាម៉ោង​២:៣០នាទី​រសៀល​ ថ្ងៃទី​០១​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅចំណុច​រណ្ដៅ​ដី​មួយ​កន្លែង​ ក្នុង​ភូមិ​ ព្រៃ​មូល២​ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ ។

សពក្មេងរង​គ្រោះ​មានឈ្មោះ សម្បត្តិ​ សុផានិត​ អាយុ​ ០៧ឆ្នាំ​ ស្នាក់​នៅ​ ភូមិ​វិមាន​ទ្រង់​ សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ។

បើយោងតាមប្រភព​ពី​ក្មេងប្រុស ឈ្មោះ​ សម្បត្តិ​ សុធារិទ្ធ​ អាយុ​ ១១​ឆ្នាំ​ ត្រូវ​ជាបង​បង្កើត​ក្មេងរងគ្រោះបាន​ប្រាប់​អោយ​ដឹងថា​ មុន​កេីត​ហេតុ​ខណៈឪពុក​ម្តាយ​មិននៅ​ផ្ទះ​ រូបគេ​ទាំង២នាក់​ បាន​ជិះ​កង់​ឌុប​គ្នា​ចេញ​ពី​ផ្ទះ​ ដើម្បីទៅអង្គុយ​លេង​នៅមាត់ស្រះ​ទឹក​ ពេល​ពួកគេជិះ​កង់មកដល់​ស្រះ​ទឹក​ ក៏មាន​អ្នក​អង្គុយ​ស្ទូច​ត្រី​នៅ​ទីនោះ​ ​ស្រែក​ហាម​មិន​ឲ្យ​ពួកគេ​ទាំង២ ចុះ​លេង​ទឹក​នោះទេ​ ព្រោះ​ស្រះ​នោះ​មានជម្រៅជ្រៅ​។ ប៉ុន្ដែមួយសន្ទុះក្រោយមក ក្មេងរងគ្រោះបាន​ដេីរ​ទៅ​មាត់​ស្រះ​ ហើយ​រអិលជើង​ធ្លាក់​ចូល​ទឹក​លិច​បាត់​ដែល​ម្តង​ ភ្លាមៗ ​រូប​គេភ័យពេក​ បាន​ត្រឹម​អង្គុយ​មើល​ប្អូន​ប្រុស​អណ្ដែត​មក​វិញប៉ុណ្ណោះ​។

ប្រភព​ពី​ពលរដ្ឋ​ដែល​អង្គុយ​ស្ទូច​ត្រី​នៅ​ស្រះ​ទឹកចំហៀងម្ខាងទៀត​ឃេីញ​ហេតុការណ៍​បាន​ប្រាប់​អោយ​ដឹងថា​ ពេលគាត់កំពុងស្ទូចត្រីឃើញក្មេងប្រុស២នាក់មកលេង​ស្រះ​ទឹក​ រូប​គាត់​បានស្រែក​ហាមឃាត់​មិន​អោយ​ចុះ​លេង​ទេ​ ខ្លាច​គ្រោះ​ថ្នាក់​ ព្រោះ​ទឹកជ្រៅ ហើយក៏ស្ទូច​ត្រីបន្តទៀតភ្លេចខ្លួនមួយភ្លែតក្រឡេក​មើល​ទៅក្មេងប្រុសម្តងទៀត​ ឃេីញ​តែ​ក្មេងម្នាក់អង្គុយ​តែ​ម្នាក់ឯង​ទាំង​ភ័យ​ស្លន់​ស្លោ​ ពេល​គាត់ដេីរមក​សួរ​នាំ​ ទេីប​ដឹង​ថា​ កុមារា​រងគ្រោះ​ បាន​លង់​ទឹក​លិច​បាត់​ទៅ​ហេីយ​ ទេីប​ពួកគាត់​ជូន​កុមារា​រងគ្រោះ​ទៅផ្ទះ​ ដេីម្បី​ប្រាប់​អ្នក​ផ្ទះ​។

ក្រោយ​កេីត​ហេតុ​ឪពុក​ម្តាយ​សាច់ញាតិ​កុមារា​រងគ្រោះ​ បាន​ត្រឹម​យំស្រណោះ​ និង​ បាន​ពឹង​ពាក់​អ្នក​ភូមិ​អោយ​ច្រមុជ​រកសព​កូន​ប្រុស​ ប៉ុន្តែ​មិនមាន​អ្នក​ហ៊ាន​ជ្រមុជ​រក​ទេ​ ពីព្រោះ​រណ្ដៅដីមាន​ជម្រៅ​ជ្រៅ​ ទេីប​សាច់ញាតិ​កុមារា​រងគ្រោះ​បាន​ទំនាក់ទំនង​ សុំ​ជំនួយ​ កង​ប្រតិបត្តិការ​រុករក​និងសង្គ្រោះ​៩១១​ ចុះ​មកជួយ​រកសពមួយហើយតែមិនទាន់រកឃើញ ហើយខណៈពេលនេះវេលាម៉ោង១០នឹង៣០នាទី ថ្ងៃទី២ខែ មិថុនាឆ្នាំ២០២៤ កង​ប្រតិបត្តិការ​រុករក​និងសង្គ្រោះ​៩១១​ កំពុងរុករកសពក្មេងខាងលើបន្តទៀតផង៕

អត្ថបទ៖ សេង សាវី

Share.