
កក្រើកពិភពបាល់ទាត់ នៅរាត្រីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ក្រោយខ្សែប្រយុទ្ធឆ្នើម Kylian Mbappé របស់បារាំង ប្រកាសចូលរួមជាមួយក្លិបអ្នកមានបុណ្យ Real Madrid ក្នុងលីគកំពូលអេស្ប៉ាញ LaLiga ដោយកិច្ចសន្យា៥ឆ្នាំ បញ្ចប់ក្ដីសុបិន្ដអ្នកគាំទ្រនៅទីក្រុងម៉ាទ្រីដ។

បង្ហោះសារនៅលើបណ្ដាញសង្គម Instagram របស់ខ្លួន កីឡាករវ័យ២៥ឆ្នាំរូបនេះសរសេរជា៣ភាសាមានភាសាបារាំង អេស្ប៉ាញ និងអង់គ្លេស អមដោយរូបថតកាលពីកុមារភាពពាក់អាវ Real Madrid ១សន្លឹក ថា៖«ក្ដីសុបិន្ដក្លាយជាការពិត។ ខ្ញុំសប្បាយរីករាយដែលបានចូលរួមជាមួយក្លិបក្នុងក្ដីស្រមៃ Real Madrid។ គ្មានអ្នកណាម្នាក់យល់ពីអារម្មណ៍ខ្ញុំពេលនេះ។ ខ្ញុំកំពុងទន្ទឹងរង់ចាំជួបអ្នកទាំងអស់គ្នា Madridistas (អ្នកគាំទ្រ)។ អរគុណសម្រាប់គាំទ្រដ៏សម្បើមមួយនេះ ¡Hala Madrid!»។

មានកីឡាករឆ្នើមៗជាច្រើនបានចូល បញ្ចេញមតិក្នុងការបង្ហោះរបស់ Kylian Mbappé ដោយក្នុងនោះក៏មានទាំងអតីតសមាជិកសំខាន់របស់ Real Madrid គឺកីឡាករ Cristiano Ronaldo បានសរសេរសារខ្លីតបថា៖«វេនរបស់ខ្ញុំ ទស្សនាការបង្ហាញសមត្ថភាពរបស់អ្នក (Kylian Mbappé) នៅកីឡដ្ឋាន Bernabéu»។

បើតាមសារព័ត៌មានអេស្ប៉ាញ AS កីឡាករ Kylian Mbappé សម្រេចចូលរួមជាមួយក្រុម Real Madrid ទទួលបានតម្លៃពលកម្ម១៥លានអឺរ៉ូ ឬ ប្រហែល១៦.៣លានដុល្លារអាមេរិក ដោយបន្ថែមពីតម្លៃ ៨០% នៃការលក់សិទ្ធិនានា។

ជាមួយគ្នានេះដែរក្លិប Paris Saint-Germain ដែលជាទ្រនំចាស់របស់ Kylian Mbappé មិនទទួលបានប្រាក់ពីការផ្ទេរនេះនោះទេ ព្រោះតែកិច្ចសន្យាភាគីទាំងបានបញ្ចប់ទៅហើយ។ ប៉ុន្តែបើតាមសារព័ត៌មាន Goal.com ចេញផ្សាយពីខែកុម្ភៈ កន្លងទៅកីឡាករជម្រើសជាតិបារាំងរូបនេះ អាចទទួលបានទឹកប្រាក់ចន្លោះ១០០លានអឺរ៉ូ ទៅ១២០លានអឺរ៉ូ ជាថ្នូរកាន់ប៉ិចចុះហត្ថលេខាជាមួយក្លិបថ្មី Real Madrid។


កីឡាករ Kylian Mbappé បានចំណាយពេល៧រដូវកាលនៅទីក្រុងប៉ារីស ជាមួយក្រុម Paris Saint-Germain ដោយបង្ហាញខ្លួនលើទីលានបាន៣០៨លើក ទាត់បាល់បញ្ជូលទីបាន២៥៦គ្រាប់ ព្រមទាំងឈ្នះជើងឯកលីគកំពូលបារាំង៧សម័យកាល។


ចំណែកក្នុងក្រុមជម្រើសជាតិបារាំង Kylian Mbappé ធ្លាប់ជួយក្រុមឈ្នះជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក 2018 FIFA World Cup នៅរុស្ស៊ី និងជើងឯករង 2022 FIFA World Cup នៅកាតារ ព្រមទាំងឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប UEFA Nations League នៅឆ្នាំ២០២០-២១ ទៀតផង៕





