ក្លិបបាល់ទះវិសាខា ក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ Win+ Streak Volleyball Invitational Tournament 2024 ក្រោយយកឈ្នះលើក្រុម Win Streak របស់តៃវ៉ាន់ ដោយលទ្ធផល៣សិតទល់នឹង១ កាលពីរាត្រីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនៅកោះតៃវ៉ាន់។

មួន និមល និយាយពីបទពិសោធន៍ថ្មីលេងពាននៅតៃវ៉ាន់ និងសុំមហាជនបន្តគាំទ្រលើកទឹកចិត្ត

មុនឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមបាល់ទះវិសាខា របស់កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុម Australian Volleyball Academy របស់អូស្រ្តាលី Win Streak របស់តៃវ៉ាន់ និងSaitama Azalea របស់ជប៉ុន។

ប្រកួតបើកឆាករបស់វិសាខា គឺបានយកឈ្នះលើក្រុម Australian Volleyball Academy របស់អូស្ត្រាលី ដោយ​លទ្ធផល ៣សិតទល់នឹង០ កាលពីថ្ងៃទី២៩ ខែឧសភា។

ប្រកួតទី២របស់វិសាខា បានចាញ់ក្រោមថ្វីដៃ Win Streak របស់តៃវ៉ាន់ ដោយលទ្ធផល ៣សិតទល់នឹង២ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

ប្រកួតទី៣របស់វិសាខា គឺបានយកឈ្នះលើក្រុម Saitama Azalea របស់ជប៉ុន ដោយលទ្ធផល ៣សិតទល់​នឹង១ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

ចប់ការប្រកួតសន្សំពិន្ទុក្នុងពូល​ក្រុមវិសាខា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយ៧ពិន្ទុ ក្នុងដៃ ហើយ​បានយកឈ្នះ​លើ​ក្រុម Flying Falcon របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣សិតទល់នឹង០ កាល​ពីថ្ងៃ​ទី១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

និងចុងក្រោយ វិសាខា បន្តធ្វើបានល្អ ដោយបានយកឈ្នះនិងសងសឹកលើក្រុម Win Streak​ របស់តៃវ៉ាន់ ដោយលទ្ធផល ៣សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ៕

Share.