ព្រះសីហនុ៖ ស្ត្រីម្នាក់ក្នុងចំណោមពីរនាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកចំការចេកទទួលយកទៅសង្គ្រោះក្រោយស្ត្រីទាំងពីរនាក់ត្រូវបានជនសង្ស័យ មានគ្នាពីរនាក់ធ្វើសកម្មភាពឆក់កាបូបបណ្ដាលឱ្យម៉ូតូស្ត្រីរងគ្រោះដួលរងរបួសធ្ងន់។

យោងតាមប្រភពពីពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅផ្លូវ៤០ម៉ែត្រ ស្ថិតក្នុងភូម៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ  មានករណីចោរឆក់កាបូបមួយកើតឡើង បណ្ដាលឲ្យស្ត្រី ជនជាតិឥណ្ឌូនេសុីម្នាក់ បានរងរបួសធ្ងន់ ដោយសារស្ត្រីរងគ្រោះបានធ្លាក់ពីលើម៉ូតូបន្ទាប់ពីមានជនសង្ស័យវ័យក្មេងពីរនាក់ ជិះម៉ូតូពីក្រោយហើយឆក់កាបូបដែលស្ត្រីរងគ្រោះកំពុងតែស្ពាយជាហេតុបណ្ដាលឱ្យស្ត្រីរងគ្រោះធ្លាក់ពីលើម៉ូតូតែម្ដង។


យោងតាមប្រភពសាក្សីដែលបាននឹងកំពុងធ្វើដំណើរ ស្របជាមួយស្ត្រីជនរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុរូបគាត់បានជិះម៉ូតូ ដឹកប្រពន្ធ មកដល់ចំណុចកើតហេតុ រូបគាត់បានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ក្រហម ជិះគ្នាពីរនាក់ បានជិះម៉ូតូមកក្បែរម៉ូតូជនរងគ្រោះ ហើយជនសង្ស័យដែលជិះពីក្រោយបានលូកដៃឆក់កាបូបស្ត្រីរងគ្រោះបណ្ដាលឲ្យស្ត្រីរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់។ ក្រោយពីឆក់បានកាបូបភ្លាមម៉ូតូរបស់ជនសង្ស័យ បានបន្ថែមល្បឿនឆ្ពោះមកកាន់ផ្លូវជាតិលេខ ៤ រួចគេចខ្លួនបាត់តែម្ដង។

ក្រោយកើតហេតុស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកទីកាន់មន្ទីរពេទ្យបង្អែកចំការចេក ដើម្បីសង្គ្រោះបន្ទាន់។ដោយឡែកអត្តសញ្ញាណជនរងគ្រោះគេនៅពុំទាន់ដឹងដដែលទេ ដោយសារតែជនរងគ្រោះជាជនបរទេសពុំចេះភាសាខ្មែរ។

អត្ថបទ៖ ឈុន គឹមហៃ

Share.