អាពាហ៍ពិពាហ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ រវាងលោក បាន សំណាង ហៅពូ ណុយ និង កញ្ញា យ៉ែម ស្រីពេជ្រ បាន​រៀបចំ​ឡើង​នៅ​ស្ថានីយទូរទស្សន៍ភីអិនអិន។

អាពាហ៍ពិពាហ៍​​របស់​ពូណុយ និង​កញ្ញា យ៉ែម ស្រីពេជ្រ ដែល​បាន​រៀបចំ​នៅ​ក្នុង​ស្ទីតយ៉ូ​ស្ថានីយទូរទស្សន៍​ភីអិនអិន នៃ​កម្មវិធី «​អ្នក​ជិតខាង» ដែល​អ្នក​ទាំង​ពីរ​ជា​ពិធីករ និង​ ពិធីការិនី ហើយ​មាន​មិត្តសិល្បៈខ្លះៗចូលរួម​ជា​សាក្សីនោះ​ នៅតែមិន​ទាន់​មាន​អ្នក​ជឿហើយ​គិត​ថាវាគឺគ្រាន់តែ​ការ​រៀបចំសម្ដែង​ ​ដើម្បីទាក់ទាញការចាប់​អារម្មណ៍​ពី​សំណាក់​សាធារណជន​ប៉ុណ្ណោះ​ ព្រោះ​​​បរិយាកាស​ ហាក់​ដូច​គ្រាន់តែ​រៀបចំ​តែ​នាម ​ដើម្បី​បម្រើ​ដល់​ការ​ផលិត​ Content បម្រើ​ឱ្យ​ការ​ផ្សាយ​នៃ​កម្មវិធី​ប៉ុណ្ណោះ​។

ត្បិត​មាន​ការ​លើក​ឡើង​ដូចខាងលើ ប៉ុន្តែ​ក៏​មាន​អ្នក​មួយ​ចំនួន​ជឿ ហើយ​គិត​ថា​ កម្មវិធី​របស់​ទូរទស្សន៍​ធំ បែប​នេះ​ប្រហែល​ជា​មិន​យក​រឿង​រៀបការ​មក​បោក​ភ្នែក​មហាជន​ ដើម្បី​គ្រាន់តែ​ចង់​បាន Views ឬ​ល្បីកម្មវិធី​ ​ដូច​អ្នកលក់​អនឡាញ​មួយ​ចំនួន​តូច​នោះ​ទេ ព្រោះ​បើ​ដូច្នោះ​មែន អាច​នឹង​ធ្វើ​ឱ្យ​មាន​ហ្វេន​ៗ​ខ្លះ​អស់​ជំនឿចិត្ត​ និង​លែងជឿជាក់​ចំពោះ​កម្មវិធី​នេះ​ផង​ក៏​ថា​បាន​។

ហ្វេន​ៗ​ដែល​ស្រលាញ់ និង​គាំទ្រ​តារា​ទាំង​ពីរ​ដួង​នេះ​ ​បាន​ចូលរួម​អបអរសាទរ និង​ជូន​ពរ​ឱ្យ​គូស្វាមី​ភរិយាថ្មោងថ្មី នេះ​មាន​សេចក្ដីសុខសុភមង្គល ចេះ​យោគយល់​ និង ​ស្រលាញ់​គ្នា​ដល់​ចាស់កោងខ្នង៕

Share.