ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ស្រីលង្កា បាន​​បរាជ័យ​ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ ទល់​នឹង​ក្រុម​​ជម្រើស​ជាតិ​ប្រ៊ុយណេ ១ទល់០ នៅ​រាត្រី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២៤ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ Hassanal Bolkiah National Stadium ក្នុង​រាជធានី​បានដារសេរីបេហ្គាវ៉ាន់ ប្រទេស​ប្រ៊ុយណេ។

លោក​អាជ្ញាកណ្តាល Thorpong Somsing ជនជាតិ​ថៃ បាន​ផ្លុំ​កញ្ចែ​ចាប់​ផ្ដើម​ការ​ប្រកួត​នៅ​វេលា​ម៉ោង​ ៨:១៥ នាទី​យប់ (ម៉ោង​នៅ​ប្រ៊ុយណេ) ស្រប​​ពេល​ដែល​​ខ្សែ​បម្រើ Muhammad Azwan bin Ali Rahman មក​ពី​ក្លិប DPMM FC បាន​រក​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ប្រ៊ុយណេ នៅ​​នាទី​៥៧​ ហើយ​លទ្ធផល​នេះ​រក្សា​រហូត​ដល់​ចប់​ការប្រកួត​តែ​ម្តង។

សូម​ទស្សនា​វីដេអូ​ប្រកួត​ទាំង​ស្រុង​ខាង​ក្រោម​នេះ៖

សម្រាប់​ក្រុម​ទាំង​២​នឹង​បន្ត​ជួប​គ្នា​ជើង​ទី២ ទៀត​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៤ លើ​ទីលាន​កីឡដ្ឋានHassanal Bolkiah National Stadium ក្នុង​រាជធានី​បានដារសេរីបេហ្គាវ៉ាន់ ប្រទេស​ប្រ៊ុយណេ ដដែល។

ក្រុម​ប្រ៊ុយណេ កំពុង​ត្រៀម​ខ្លួន​ប្រកួត​​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់​ជើង​​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2027 AFC Asian Cup qualification – play-off round ទល់​នឹង​ក្រុម​ម៉ាកាវ របស់​ចិន នៅ​ដើម​​ខែ​កញ្ញា ខាង​មុខ ហើយ​​នៅ​ចុង​ខែ​កញ្ញា ក្រុម​អាស៊ាន​ដីទឹក មួយ​នេះ​ត្រូវ​ប៉ះ​ក្រុម​ទីម័រខាងកើត ដើម្បី​ប្រកួត​ជម្រុះ​​ប្រចាំ​តំបន់​អាស៊ាន ស្វែង​រក​ក្រុម​ឡើង​ទៅ​វគ្គ​ចែក​ពូល ពានរង្វាន់ 2024 ASEAN Championship qualification។

ដោយ​ឡែក​ក្រុម​ជម្រើស​ជាតិ​ស្រីលង្កា វិញ​មាន​បេសកកម្ម​ប្រកួត​ជម្រុះ​បឋម​នៃ​ពានរង្វាន់​ជើង​​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2027 AFC Asian Cup qualification – play-off round ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ដើម​ខែ​កញ្ញា ខាង​មុខ​ដែរ៕

Share.