ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ នឹងត្រូវមាន​បេសកកម្មថ្មី​មួយ​ដោយ​ត្រូវ​ជួប​ក្រុម​ជម្រើសជាតិ U20 វៀតណាម ក្នុងវគ្គជម្រុះលើទឹកដីកណ្ដាលនៅប្រទេសថៃ នៅថ្ងៃទី២៥ ខែ​មិថុនាខាងមុខ។

ក្នុង​នោះ​មុន​ចេញ​ទៅ​ថៃ ក្រុម U20 កម្ពុជា បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ទាំង​ការហ្វឹក​ហាត់ និង​ប្រកួត​មិត្តភាព​នានា​ពី​តាម​បណ្ដាល​ក្លិប​នៅ​កម្ពុជា នឹង​ត្រូវ​ត្រៀម​ចេញ​ទៅ​ទឹក​ដី​ថៃ​មុន​ឆសប្ដាហ៍ ត្រៀម​ប្រកួត​មិត្តភាព​ខ្លះៗ​នៅ​ប្រទេសថៃ មុន​ប៉ះ​វៀតណាម ដើម្បីប្រជែងកៅ​អីជុំផ្ដាច់ព្រ័ត្រការ​ប្រកួតកី​ឡាបាល់​ទះ​ជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ (Men’s Asian U20 Volleyball Championship 2024) នៅប្រទេសឥណ្ឌូណេស៊ី។

ក្រុមឈ្នះរវាង U20 កម្ពុជា និង U20 វៀតណាម (តំបន់អាស៊ាន) នឹងចូលទៅក្នុងពូល D ដែល​មាន​ក្រុម U20 ថៃ និង U20 កូរ៉េខាងត្បូង កំពុងរង់ចាំ ចំណែកឯ១ក្រុមទៀត គឺ​ការ​ប្រកួត​ជម្រុះ​រវាង U20 កាហ្សាក់ស្ថាន និង U20 អ៊ូសបេគីស្ថាន (តំបន់​អាស៊ី​កណ្តាល)។

គួរដឹងផងដែរថាព្រឹត្តិការណ៍ជើងឯកអាស៊ី Men’s Asian U20 Volleyball Championship ឆ្នាំ២០២៤ លើកទី២២ ដែលរៀបចំឡើងនៅប្រទេស​ឥណ្ឌូ​ណេស៊ី គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕

Share.