បាងកក៖ អាជ្ញាធរបាននិយាយថា សត្វប្រភេទដ៏កម្រ សត្វល្មូន និងសត្វចិញ្ចឹមជាង ១,០០០ក្បាលបានស្លាប់នៅក្នុងទីផ្សារបោះដុំមួយកន្លែងក្នុងទីក្រុងបាងកក បន្ទាប់ពីអគ្គីភ័យបានឆាបឆេះតូបលក់សត្វជាងមួយរយតូប កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានប្រាប់អ្នកយកព័ត៌មានថា ភ្លើងបានឆាបឆេះលើផ្ទៃដីប្រមាណ ១.៣០០ម៉ែត្រការ៉េ នៃផ្សារសម្រាប់ដើរកម្សាន្ដថ្ងៃចុងសប្ដាហ៍ «Chatuchak» ដោយបានសម្លាប់សត្វជាង ១,០០០ក្បាល រួមមានទាំងសត្វសុនខ ឆ្មា បក្សី ពស់ ពីងពាង និងត្រីក្រឹម។

អធិការនគរបាលក្រុងភូវ៉ាដុន អ៊ុនផូ បាននិយាយថា តូបចំនួន១១៨ ត្រូវបានអគ្គីភ័យឆាបឆេះ ហើយបើតាមការត្រួតពិនិត្យបឋមបង្ហាញថា អគ្គិភ័យនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។

ក្រុមអ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះកាលពីថ្ងៃអង្គារ បានប្រមូលយកសាកសពសត្វ ទ្រុងដែលរហែក រើជញ្ជាំង និងដំបូលតូបដែលដួលរលំ។

ផ្សារបោះដុំ Chatuchak មានភាពល្បីល្បាញដោយសារតែនៅទីនោះ មានហាងលក់សំលៀកបំពាក់ លក់គ្រឿងបន្លាស់ លក់ទំនិញបោះដុំចម្រុះ និងសត្វកម្រនានាដែលទាក់ទាញអ្នកទៅដើរកម្សាន្ដរាប់ពាន់នាក់រៀងរាល់ថ្ងៃចុងសប្តាហ៍។

អគ្គីភ័យត្រូវបានពន្លត់នៅម៉ោង ៦ព្រឹក ហើយមូលហេតុកំពុងត្រូវបានស៊ើបអង្កេតបន្ដ នេះបើយោងតាមលោក Tivakorn Prongseng អធិការប៉ូលីសដែលកំពុងស៊ើបអង្កេតករណីនេះ។ លោក​បាន​បន្ត​ថា​ មិន​មាន​របាយការណ៍​អំពី​ការ​ស្លាប់របស់​មនុស្ស​ទេ៕

ប្រភព៖ CNA

Share.