រាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលណែនាំមិនឲ្យមានការបង្កើតអង្គភាពថ្មីក្នុងក្រសួង ស្ថាប័នបន្ថែម និងជំរុញឲ្យរក្សានិងពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់។ចំពោះ ការបង្កើត អង្គភាពថ្មី ត្រូវផ្អែកលើហេតុផលច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារ និងឆ្លើយតបនឹង ការតម្រូវដែលមានក្នុងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នៃរដ្ឋសភា។នេះបើយោងតាមសារចររបស់រាជរដ្ឋាភិបាលស្តីពីការរៀបចំនិការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចុះថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៤នេះ។

បើតាមសារាចររបស់រាជរដ្ឋភិបាល ក្រសួង ស្ថាប័នត្រូវពិនិត្យ និងរៀបចំរចនា សម្ព័ន្ធដែល មាន ស្រាប់ឱ្យ បានរៀបរយ ដោយប្រើប្រាស់ឱ្យអស់នូវលទ្ធភាពនិងសក្តានុពល ក្នុងការ កែលម្អការអនុវត្តមុខងារដែលជាសមត្ថកិច្ចរបស់ខ្លួន ការរៀបចំរចនាសម្ព័ន្ធឱ្យបាន សមស្រប ក្នុងការគាំទ្រការអនុវត្តមុខងារ និងការរៀបចំរំហូរការងារក្នុងក្រសួង ស្ថាប័ន ព្រមទាំងការកំណត់គណនេយ្យភាពនិងការទទួលខុសត្រូវច្បាស់លាស់ក្នុងការបំពេញ  ការងារ។

ការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន មិនត្រូវនាំឱ្យ មានការបង្កើនចំនួនអង្គភាពទោះក្នុងកម្រិតណាមួយក៏ដោយ ឬបន្ថែមទម្ងន់បែបបទ និងនីតិវិធីដែល មានស្រាប់នៅតាមអង្គភាពរបស់ក្រសួង ស្ថាប័នឡើយ។ ក្រសួង ស្ថាប័ន ត្រូវពិនិត្យឡើងវិញរចនាសម្ព័ន្ធ មានស្រាប់ដែលមិនឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និង ក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដើម្បីធ្វើការ កែសម្រួលឬច្របាច់បញ្ចូលគ្នាឬលុបចោល៕

Share.