ដោយមានការសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ “គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទអាស៊ាន”ដោយមានការចូលរួមពីឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ៧០នាក់ ខណដែលវេទិកាពិភាក្សានោះរៀបចំធ្វើនៅទីស្តីការក្រសួងការបរទេស។

គោលបំណងនៃការរៀបចំវេទិកានេះ គឺដើម្បី ផ្តល់ឱកាសដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានស្វែងយល់បន្ថែមទៀតអំពីគោលនយោ បាយ ការបរទេសរបស់ប្រទេសកម្ពុជាក្នុងបរិបទអាស៊ាន រួមទាំងព្រឹត្តិការណ៍សំខាន់ៗក្នុងតំបន់អាស៊ានដែល ជះឥទ្ធិពលដល់គោលនយោបាយការបរទេសកម្ពុជា។

[ខាងឆ្វេងគឺ លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, ចំណែកខាងស្ដាំគឺ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ]

លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានមានប្រសាសន៏បញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧នៃរដ្ឋសភា បានបង្ហាញពីគោលនយោបាយការបរទេសជារួមរបស់រាជរដ្ឋាភិបាលរួចហើយ ហើយវេទិកាពិភាក្សានៅពេលនេះ គឺអ្នកសារព័ត៌ មានចង់ដឹងបន្ថែមទៀតពីគោលនយោបាយ តាមវិស័យនីមួយៗ ដូចជាបញ្ហាតំបន់ ការប្រកួតប្រជែងរវាងមហាអំណាច និងពីតួនាទីរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ ជាដើម។

លោកថា កម្ពុជាធ្លាប់ធ្វើជាប្រធាននៃកិច្ច ប្រជុំកំពូលអាស៊ាន ចំនួន៣លើកមកហើយ ហើយតើនយោបាយការបរទេសកម្ពុជាបានចូលរួមដោះស្រាយបានបញ្ហាអ្វីខ្លះក្នុងតំបន់ និងពិភពលោក។ លោកក៏ បានកត់សំគាល់ថា អ្នកការ ទូតកម្ពុជាមិនត្រឹមតែធ្វើការងារកិច្ចការទូតតែមួយមុខនោះទេ គឺបានធ្វើ ការងារវប្បធម៌ សេដ្ឋកិច្ច និងកៀងគរអ្នកវិនិយោគបរទេសឲ្យចូលមកបណ្តាក់ទុននៅកម្ពុជាថែមទៀត។

ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសបានបញ្ជាក់ថា គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា រក្សាសង្គតភាព និងជំរុញបន្ថែមទៀតរាល់សកម្មភាពនូវរាល់ការងារអាទិភាពនៃនយោបាយការ បរទេសរបស់រាជរដ្ឋាភិបាល។ លោកថា ការងារអាទិភាពមួយចំនួនដែលផ្តោតសំខាន់សំរាប់ការងារនយោបាយការបរទេសនិងសម្រាប់អាណត្តិរាជរដ្ឋាភិបាលបន្តបន្ទាប់ទៀត ដែលជាការងារត្រូវអនុវត្តជាទៀងទាត់ដោយផ្អែកលើស្ថានភាពជាក់ស្តែងក្នុងតំបន់ ពិភពលោក ជារួមមាន ការបន្តជំរុញពង្រឹងទំនាក់ទំនងជាមួយដៃគូនានា លើពិភពលោក។ ការដំឡើងកម្រិតដៃគូប្រទេស មួយចំនួនដូចជាប្រទេសជប៉ុន ថៃ ហើយថ្មីៗនេះកម្ពុជាបានដំឡើងប្រទេសកូរ៉េខាងត្បូងជាដៃគូយុទ្ធសាស្ត្រ។

លោកបន្តថា ក្រៅពីនោះរាជរដ្ឋាភិបាលបានដំឡើងកម្រិតភាពជាដៃគូកាន់តែស៊ីជម្រៅក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេស ផ្សេងៗដើម្បីបម្រើដល់ប្រយោជន៍ស្នូលរបស់កម្ពុជាដូចដែលសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងហើយ គឺរក្សាមិត្ត ចាស់ ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមិត្តថ្មីរបស់យើង។

លោកបន្តទៀតថា រាជរដ្ឋាភិបាលបន្តលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាមិត្តភូមិផងរបងជាមួយដើម្បីរក្សាសន្តិសុខ ស្ថិរភាពតាមបន្ទាត់ព្រំដែននិងចូលរួមលើកកម្ពស់សេដ្ឋកិច្ច  លើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់ជីវភាពប្រជា ពលរដ្ឋ រស់នៅតាមបណ្តោយព្រំដែន។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា គោលនយោបាយការបរទេសកម្ពុជា បន្តជំរុញតួនាទីរបស់កម្ពុជានៅក្នុងអង្គការតំបន់ ពិសេសអាស៊ាន ដើម្បីធានាបានថា កម្ពុជាកំពុងដើរតួនាទីយ៉ាងសកម្ម ដើម្បីជំរុញប្រយោជន៍ស្នូលរបស់ជាតិ ខណដែលកម្ពុជាក៏បានចូលរួមយ៉ាងសកម្មផងដែរនៅក្នុងនយោបាយការបរទេសលើឆាកអន្តរជាតិ៕

Share.