ភ្នំពេញ៖ ស្ត្រីម្នាក់ជិះកងបីមកពីផ្សាត្រូវបានក្រុមចោរជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកកាបូបលុយនិងទូរស័ព្ទបានសម្រេចរួចគេចខ្លួនបាត់ស្រមោលនៅមុខវត្តស្ទឹងមានជ័យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោ៤និង០០នាទីរសៀលថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅខាងមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវផ្លួវព្រះមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្តីស្រ្តីរងគ្រោះបានឱ្យដឹងថា ឈ្មោះ អន វណ្ណះ ភេទស្រី អាយុ៣៦ឆ្នាំ ហើយបានបាត់បង់សម្ភារៈកាបូបស្ពាយមួយ ទូរស័ព្ទម៉ាក IPhone X SMAX មួយគ្រឿង លុយដុល្លារ៤០ដុល្លាលុយខ្មែរប្រហែលជាង៥០មុឺនរៀល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះរួមដំណើរជាមួយស្រ្តីផ្សេងទៀតជាអាជីវករដូចគ្នាបានជិះកង់បីឥណ្ឌាមកពីផ្សារ ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីជើងមកត្បូង ខណ:ដែលស្ត្រីរងគ្រោះធ្វើដំណើរមកដល់កន្លែងកើតហេតុក៏លេច មុខក្រុមជនសង្ស័យ៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅមិនចាំស្លាកលេខធ្វើដំណើរស្របគ្នាមកពីក្រោយ រួចធ្វើសកម្មភាពឆក់យកកាបូបលុយ និងទូរស័ព្ទពីស្រ្តីរងគ្រោះបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។ ចំណែកស្រ្តីរងគ្រោះបានត្រឹមស្រែកឆោរឡោរថាចោរៗចោរឆក់ការបូបឱ្យគេជួយចាប់បង្កការភ្ញាក់ផ្អើលកើតឡើង។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះបានត្រឹមសោកស្ដាយទ្រព្យរបស់ខ្លួនដែលបាត់បង់ រួចបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដើម្បីឱ្យសមត្ថកិច្ចជួយតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទ÷សេង សាវី

