កៀវ៖ បើតាមការបញ្ជាក់ពីមេដឹកនាំប្រទេសអ៊ុយក្រែន លោក វ៉ូឡូ ឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រាប់ លោក ថា ប្រទេសចិន នឹងមិនលក់អាវុធទៅឱ្យប្រទេសរុស្ស៊ី អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំនៃប្រទេសទាំង២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤។

លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងកិច្ចប្រជុំកំពូល G7 នៅប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ ប៉ុន្ដែ លោក​ មិន​បាន​បញ្ជាក់​ថា​ តើ​ការ​សន្ទនា​ជាមួយ​លោក ស៊ី កើត​ឡើង​នៅ​ពេល​ណា​នោះ​ទេ។ ប៉ុន្ដែកិច្ចសន្ទនាតាមទូរស័ព្ទលើកចុងក្រោយបំផុតដែលត្រូវបានប្រកាសជាសាធារណៈរវាងមេដឹកនាំទាំង២ គឺធ្វើឡើងកាលពីខែមេសា ឆ្នាំ២០២៣។

អំឡុងសន្និសីទសារព័ត៌មាន លោក ហ្សេលេនស្គី បាននិយាយជាភាសាអង់គ្លេសថា «ខ្ញុំមានកិច្ចសន្ទនាជាមួយមេដឹកនាំប្រទេសចិន។ លោក ស៊ី ជិនពីង បាននិយាយថា លោក នឹងមិនលក់អាវុធណាមួយឱ្យរុស្ស៊ីទេ។ យើងនឹងបានឃើញប្រសិនបើលោក ស៊ី ជាមនុស្សគួរឱ្យគោរពមែន នោះលោកនឹងមិនលក់អាវុធឱ្យរុស្ស៊ីទេ ព្រោះលោកជាអ្នកប្រាប់រឿងនេះដល់ខ្ញុំដោយផ្ទាល់»។

ពេលលោក ហ្សេលេនស្គី និយាយចប់ភ្លាម លោក ចូ បៃដិន ក៏បានកត់សម្គាល់ដែលថា «ចិនមិនបានផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ីទេ ប៉ុន្ដែចិនកំពុងគាំទ្រឱ្យរុស្ស៊ី នៅតែមានសមត្ថភាពផលិតអាវុធ និងបច្ចេកវិទ្យា ដើម្បីបន្ដការធ្វើសង្រ្គាម»។

លោក ហ្សេលេនស្គី បន្ដថា «ប្រសិនបើទីក្រុងកៀវ និងចិន មានទស្សនៈដូចគ្នាលើសន្ដិភាពនោះ វាអាចមានកិច្ចសន្ទនារវាងពួកគេបន្ថែមទៀត។ មេដឹកនាំ​អ៊ុយក្រែន ​បាន​លើក​កម្ពស់​ចក្ខុវិស័យ​របស់​លោក​ សម្រាប់​សន្តិភាព​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​ហៅ​ថា «រូបមន្ត​សន្តិភាព»។

យ៉ាងណាម៉ិញ ប្រទេសស្វីស គ្រោងនឹងធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូអន្តរជាតិមកពីប្រទេស និងអង្គការជាច្រើននៅចុងសប្តាហ៍នេះ ក្នុងកិច្ចប្រជុំកំពូលមួយ ដើម្បីព្យាយាមនាំយកសន្តិភាពក្នុងប្រទេសអ៊ុយក្រែន៕

ប្រភព៖ CNA

Share.