ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ប្រកបការងារជាកម្មកររោងចក្រ លុយចាយមិនគ្រប់ ឆ្លៀតចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីវ័យក្មេងម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ បានសម្រេច ជិះរត់គេចជ្រុលចង្កូតទៅបុកម៉ូតូអ្នកដំណើរច្រាសទិសដួល ផ្អើលពលរដ្ឋចាប់ក្របួចជាប់ ប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ហេង លីហៀង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ម៉ាវ៉ល ផ្នែកខាងពិនិត្យ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិភ្នំប្រសាទ ឃុំភ្នំប្រសាទ ស្រុកកំពង់ត្រាច ខេត្តកំពត ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JS-0265 ជាមធ្យោបាយ ។ ចំណែកនារីរងគ្រោះឈ្មោះ ស៊ូន សុីណេត អាយុ១៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិស្រឡៅ ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ។ ទូរស័ព្ទដែលជនសង្ស័យឆក់យក ម៉ាកI phone 11 យកបានមកវិញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ នារីរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JR-4144 ធ្វើដំណើរពីកើតទៅលិច ដល់ចំណុចកើតហេតុ ជនសង្ស័យជិះតាមពីក្រោយ ឆក់យកទូរស័ព្ទពីហោប៉ាវខោខាងក្រោយ បានសម្រេចជិះគេចជ្រុលទៅបុកម៉ូតូអ្នកដំណើរច្រាសទិស បណ្តាលឱ្យដួល ជនរងគ្រោះ ពលរដ្ឋស្រែកឆោឡោ នាំគ្នាចាប់ក្របួចខ្លួនជនសង្ស័យបាន រួមជាមួយវត្ថុតាង ប្រគល់ជូនសមត្ថកិច្ច ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននាំយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.