ភ្នំពេញ៖ ជនសង្ស័យម្នាក់ទើបចេញពីពន្ធនាគារបានថ្ងៃ មិនរាងចាលសោះ បបួលបក្ខពួកចេញធ្វើសកម្មភាពឆក់ ផ្អើលសមត្ថកិច្ចដេញចាប់ខ្លួនបានម្នាក់ បក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ហ៊ុន សុខអ៊ែនឌី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៣ខែ ពីបទលួច ហើយទើបនឹងចេញពីពន្ធនាគារបាន៣ថ្ងៃ គិតត្រឹមថ្ងៃចេញធ្វើសកម្មភាព ។

តាមប្រភពបានឱ្យដឹងថា ជនសង្ស័យចេញពីពន្ធនាគារបាន៣ថ្ងៃ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានបបួលបក្ខពួកម្នាក់ទៀត ជិះម៉ូតូហុងដាឌ្រីម សេរី២០២៤ ចេញធ្វើសកម្មភាព គ្រាដែលជិះតាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចការ៉ាស់សាំងតេលា ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ឆ្លៀតឱកាសឆក់យកទូរស័ព្ទដៃ Iphone xs max ពីស្ត្រីម្នាក់ ជិះម៉ូតូឃ្លីក ធ្វើដំណើរតាមផ្លូវ បានសម្រេចតែធ្លាក់ទៅវិញ ស្រែកឆោឡោ ផ្អើលពលរដ្ឋដេញតាម ផ្អើលសមត្ថកិច្ចតាមចាប់ខ្លួនបានម្នាក់ និងម៉ូតូមួយគ្រឿង បក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ត្រង់ចំណុច ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ។

ជនសង្ស័យម្នាក់ខាងលើ ត្រូវបាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍កន្ទោកជាបឋមរួច ប្រគល់ទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីគសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ អនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.