សិល្បៈជាតិ​៖ ​អ្នក​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា​ ការ​ប្រគំ​តន្ត្រី​ Sabaidee នៅ​សហរដ្ឋ​អាមេរិក​ បើ​តាម​គម្រោង​នឹង​មាន​វត្តមាន​តារា​ចម្រៀង​ជួរមុខ​៣ដួងរបស់​ បារមី ទៅចូលរួម​ក្នុង​នោះ​មាន​ វណ្ណដា វណ្ណថាន់ និង​កញ្ញា កៅ សុភា​ ប៉ុន្តែ​នៅ​ពេល​ដល់​កាល​បរិច្ឆេទ​ស្រាប់​តែ​អវត្តមាន​ កៅ សុភា ស្រាប់​តែ​ក្រោយមក​ទៀត​តារា​ចម្រៀង​ស្រី​រូប​នេះ​ ប្រកាស​ចែក​ផ្លូវ​ជាមួយ​នឹង​ផលិតកម្ម​ដែល​ជា​ទ្រនំ​របស់​ខ្លួន​ជាង​ ៤​ឆ្នាំ​នេះ​។

នៅ​ក្នុង​សំណេរ​នៃ​សេចក្ដី​ប្រកាស​នោះ​ កៅ សុភា បាន​សរសេរ​ដោយ​ដៃជា​ភាសាអង់គ្លេស និង​មាន​វាយ​ជា​ខេមរៈភាសា​ជា​ផ្លូវការ​ ដោយ​កញ្ញា គ្រាន់តែ​បញ្ជាក់​ថា​ខ្លួន​នឹង​អតីត​ផលិតកម្ម​ មិន​ទាំង​បញ្ចេញ​ឈ្មោះ​ បារមី ផង​នោះ​បាន​ចែក​ផ្លូវ​គ្នា​ ហើយ​ក៏​អរគុណដល់​អតីតផលិតកម្ម​ ប៉ុន្តែ​កញ្ញា សុំ​មិន​បញ្ចេញ​សេចក្ដីលម្អិត​ពាក់ព័ន្ធ​នឹង​ការ​ចែក​ផ្លូវ​គ្នា​នេះ​នោះ​ទេ ដោយ​គ្រាន់តែ​សង្កត់​ធ្ងន់​សូម​ឱ្យ​មាន​ការ​គាំទ្រ​ខ្លួន​ក្នុង​នាម​ជា​តារា​ចម្រៀង​ឯករាជ្យ​ប៉ុណ្ណោះ​។

យ៉ាងណាមិញ​ការ​សម្រេចចិត្ត​ប្រកាស​ដំណឹង​ចែក​ផ្លូវ​គ្នា​រវាង​ដែល​ កៅ សុភា អវត្តមាន​ចេញ​ទៅ​ប្រគំ​តន្ត្រី​នៅ​សហរដ្ឋ​អាមេរិក​ ខណៈដែល​បារមី​ធ្លាប់​លើក​ឡើង​ថា​កញ្ញា​មាន​បញ្ហាផ្ទាល់ខ្លួន​ នៅ​តែ​បង្ក​ជា​មន្ទិល​សង្ស័យ​នៅ​ក្នុង​ចង្កោម​មហាជន​ ដែល​តាម​ដាន​ និង​គាំទ្រ​ទាំង​ផលិតកម្ម ក៏ដូចជាតារា​ចម្រៀង​ស្រី​រូប​នេះ ព្រោះ​គេ​យល់​ឃើញ​ថា​ប្រហែល​ជា​មាន​សាច់​រឿង​អ្វី​នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​ភ្លាមៗ ប្រកាស​ដំណឹងចាកចេញ​ពី​ផលិត​កម្ម​ ខណៈ​ដែល​ដំណឹង​នៃ​ការ​រង្គោះរង្គើ​​ផ្ទៃ​ក្នុង​ផលិតកម្ម​ កំពុង​តែ​លេច​ឡើង​នៅ​ក្នុង​ចំណោម​មហាជន​៕​

Share.