ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៤ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណីគំរាមកំហែងហែកកេរ្តិ៍ ចែកចាយរូបភាពអាសអាភាស និងជំរិតទារប្រាក់ ៥២៥ដុល្លារ។

ជនសង្ស័យឈ្មោះ ស សុជា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត មានអាយដ្ឋានបច្ចុប្បន្ន ភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង សា្នក់នៅផ្លូវលំ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៤ ។

ការចាប់ខ្លួនជនសង្ស័យខាងលើធ្វើតាមដីកាបញ្ជាឲ្យចូលខ្លួន ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី តាមបណ្តឹងព្រហ្មទណ្ឌរបស់ឈ្មោះ ល ស ហតុ ភេទស្រីអាយុ៦៣ឆ្នាំ ជនជាតិខ្មែរ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យនៅដំណាក់កាលសមត្ថកិច្ចបានឲ្យដឹងថា ខ្លួនពិតជាបានគំរាមហែកកេរ្តិ៍លើជនរងគ្រោះពិតមែន  ហើយក៏បានគំរាម ចែកចាយរូបភាពអាសអាភាស និងជំរិតទារប្រាក់ ៥២៥ ដុល្លារពិតមែន៕

អត្ថបទ៖ ចតុមុខ

Share.