ក្រុម​បាល់ទាត់​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​សាលា​តម្រង់​ទិស​រាជធានី​ភ្នំពេញ រក​បាន​គ្រាប់​បាល់​ជា​លើក​ដំបូង​ក្នុង​ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ Cambodian Youth League រដូវកាល​២០២៤ ក្រោយ​ដំណើរការ​បាន​៥​សប្តាហ៍​នេះ។

​ក្រុម​សាលា​តម្រង់​ទិស​រាជធានី (រូបថត៖ព្រះខ័នរាជស្វាយរៀង)

ម្ចាស់​គ្រាប់​បាល់​ទី១​របស់​ក្រុម​សាលា​តម្រង់​ទិស​រាជធានី រក​បាន​ដោយ​​ខ្សែ​បម្រើ​កណ្តាល ជា អៀវហុង ក្នុង​ជំនួប​ដែល​ក្រុម​ខ្លួន​ចាញ់​ព្រះខ័នរាជស្វាយរៀង ដោយ​លទ្ធផល ៤-១ លើ​ទីលាន​វិទ្យាល័យច្បារអំពៅ នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ពី​ពេល​ថ្មីៗ ក្រោម​ការ​កាត់​សេចក្តី​ពី​សំណាក់​អាជ្ញាកណ្តាល នៅ ភក្ដី។

សម្រាប់​ក្រុម​សាលា​តម្រង់​ទិស ឆ្លងកាត់​ការ​ប្រកួត​៥លើក​មក​នេះ មិន​ទាន់​រក​បាន​ជ័យជម្នះ​នៅ​ឡើយ​នោះ​ទេ ដោយ​បរាជ័យ​ទាំង​៥​លើក ក្នុង​នោះ​ទើប​តែ​ទាត់​បញ្ជូល​ទី​បាន​១គ្រាប់ ហើយ​គេ​ទាត់​ចូលទី​ខ្លួន​វិញ​ដល់​ទៅ​២៧​គ្រាប់ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១០​បាត​តារាង​គិត​ត្រឹម​សប្ដាហ៍​ទី​៥នេះ។

យ៉ាងណា​ក្ដី​សាលា​តម្រង់​ទិស​រាជធានី គឺ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​២ ដែល​​មិន​ទាន់​ស្គាល់​ជ័យជម្នះ បន្ទាប់​ពី​ក្រុម​អង្គរថាយហ្គឺរ ដោយ​ប្រកួត​៥លើក ស្មើ​គ្នា​១លើក និង​ចាញ់​៤លើក។ ចំណែក​ក្រុម​វិសាខា បាន​បញ្ចប់​ដំណើរ​មិន​ចាញ់​សោះ​របស់​ក្រុម​បឹងកេត ត្រឹម​សប្តាហ៍​ទី៥​នេះ ហើយ​ដណ្តើម​យក​កៅអី​កំពូល​តារាង បន្ទាប់​ពី​របូត​​កាល​ពី​សប្ដាហ៍​ទី៤​កន្លង​ទៅ។

បើ​គិត​ទិន្នន័យ​នៃ​ការ​រក​គ្រាប់​បាល់​បញ្ជូល​ទី​គូ​ប្រកួត ឃើញ​ថា​មាន​ការ​កើន​ឡើង​ដល់​១០៤​គ្រាប់​ហើយ ស្រប​ពេល​ដែល​កីឡាករ ទី ផាន់ របស់​ក្រុម​ភ្នំពេញក្រោន ជា​ម្ចាស់​គ្រាប់​បាល់​ទី​១០០ ក្នុង​ពេល​ខ្លួន​ជួយ​ក្រុម​យក​ឈ្នះ​លើ​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី នៅ​ឯ​ខេត្ត​តាកែវ ដោយ​លទ្ធផល ៤-០ ហើយ​​កីឡាករ​រូប​នេះ​រក​បាន​២គ្រាប់​ក្នុង​ប្រកួត​នោះ។

សម្រាប់​កីឡាករ នៅ វណ្ណដា របស់​ក្រុម​ព្រះខ័នរាជស្វាយរៀង រក​បាន​គ្រាប់​បាល់ Hat-Trick នៅ​ក្នុង​សប្ដាហ៍​ទី៥នេះ ក្រោយ​មាន​កីឡាករ​៣នាក់​ធ្លាប់​រក​បាន​ Hat-Trick តាំង​ពី​សប្ដាហ៍​ទី១​និង​ទី២ កន្លង​ទៅ​ក្នុង​នោះ​មាន​កីឡាករ ថាច់ ដារ៉ូ របស់សាលា​បាល់ទាត់ជាតិ​បាទី កីឡាករ ស្រេង សុខគា របស់ Tiffy Army FC និង​កីឡាករ សួន មករា របស់​ក្រុម ISI ដង្កោសែនជ័យ។

យ៉ាងណាក្តី​កីឡាករ អ៊ាវ សុវណ្ណារ៉ា របស់​បឹងកេត ដែល​កំពុង​ស្ថិត​នៅ​កំពូល​តារាង Top Scores បាន​បញ្ចប់​ដំណើរ​​រក​បាន​គ្រាប់​បាល់​គ្រប់​ការ​ប្រកួត​របស់​ខ្លួន ត្រឹម​​សប្តាហ៍​ទី៥​នេះ ដូច​នឹង​ដំណើរ​​ចាញ់​ជា​លើក​ដំបូង​របស់​បឹងកេត និង​ជា​​ក្រុម​​ឈ្នះ​បាន​រយៈ​ពេល​ច្រើន​ប្រកួត​ជាង​គេ​ក្នុង​រដូវកាល​នេះ​ដែរ។

សម្រាប់​កម្មវិធី ប្រកួត​បន្ត​ក្នុង​សប្ដាហ៍​ទី៦ គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៤ ក្នុង​នោះ៖
គូ​ទី១៖ ព្រះខ័នរាជស្វាយរៀង Vs សាលា​បាល់ទាត់ នៅ​វិទ្យាល័យស្វាយរៀង
គូទី២៖ អង្គរថាយហ្គឺរ ​Vs សាលា​តម្រង់​ទិស​រាជធានី​ភ្នំពេញ នៅ​ផាម​កុងទីន័រ
គូ​ទី៣៖ វិសាខា Vs ណាហ្គាវើល នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​វិសាខា
គូ​ទី៤៖ ISIដង្កោសែនជ័យ Vs ភ្នំពេញក្រោន នៅ​កីឡដ្ឋាន អេអាយអេ
គូ​ទី៥៖ បឹងកេត Vs Tiffy Army FC នៅ​កីឡដ្ឋាន​បឹងកេត

ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​ រដូវកាល​២០២៤ ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៣​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មាន​ក្លិប​ជា​សមាជិក​ចំនួន​១០​ក្រុម​ចូលរួម​ប្រកួត​ប្រជែង ខណៈ​រូបមន្ត​ប្រកួត​តម្រូវ​ឱ្យ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​ចំនួន​៣ជើង ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​​ខ្ពស់​ជាង​គេ​ចំនួន​៤ក្រុម មាន​ឈ្មោះ​ទៅ​ប្រកួត Top4 បន្ត​យក​ជើង​ឯក​ប្រចាំ​រដូវកាល៕

Share.