កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ក្នុងចំណោមបក្ខេពួក០៨នាក់ បន្ទាប់ពីបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីបុរសអ្នកលក់បន្លែម្នាក់ កាលពីនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០២:៣៥នាទីទៀបភ្លឺ នៅចំណុច៖ ផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យមានចំនួន ០៨នាក់ ឃាត់ខ្លួនចំនួន ០៤នាក់ ទី១.ឈ្មោះ សឿន វុត្ថា ហៅតៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ទី២.ឈ្មោះ អុល សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ ទី៣.ឈ្មោះ ផេង រស្មី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ  ខេត្តកណ្ដាល ។ ទី៤.ឈ្មោះ លី ដារិន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យ ០៤នាក់ទៀតកំពុងរត់គេចខ្លួនមិនស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា កាលពីនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០២:៣៥នាទីទៀបភ្លឺ ជនរងគ្រោះបានជិះម៉ូតូដឹកបន្លែចេញពីផ្ទះនៅភូមិចុងកោះលិច ឃុំកោះខ្សាច់ទន្លា រួចបានឆ្លងដក្បាលកោះ ដើម្បីយកបន្លែទៅលក់នៅផ្សារព្រែកតូច ហើយជនរងគ្រោះបានជិះម៉ូតូមកដល់ចំណុចភូមិព្រែកថ្មី ឃុំទឹកវិល ស្រាប់តែក្រុមជនសង្ស័យជិះម៉ូតូចំនួន ០២គ្រឿង មិនដឹងមានគ្មានប៉ុន្មាននាក់ បានធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះ រួចបានលើកយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនយកទៅបាត់។ លុះនៅវេលាម៉ោង ០៧:៣០នាទីព្រឹក ថ្ងៃដដែល ជនរងគ្រោះក៏បានតេទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកវិល ពីករណីខាងលើតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលទឹកវិល សហការជាមួយកម្លាំងព្រហ្មទណ្ឌស្រុក បានចុះទៅដល់កន្លែងកើតហេតុ បានឆែកកាមេរ៉ាសុវត្ថិភាពតាមផ្លូវ ដើម្បីកំណត់មុខសញ្ញា និងស្រាវជ្រាវស្វែងរកជនសង្ស័យ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៨:០០នាទី ទើបសមត្ថកិច្ច កំណត់មុខសញ្ញា និងបានឃាត់ខ្លួនចំនួន០៤នាក់ មកធ្វើការសាកសួរនៅប៉ុស្តិ៍ ។

ក្រោយសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកមានគ្នាចំនួន ០៨នាក់ ជិះម៉ូតូ ០៤គ្រឿង ពិតជាបានធ្វើកម្មភាពធាក់ម៉ូតូជនរងគ្រោះបណ្ដាលឱ្យដួល រួចខ្លួនក៏លើម៉ូតូនោះជិះយកទៅលក់នៅម្ដុំឃ្លាំងរំសេវ បានប្រាក់ចំនួន៧០០ដុល្លារ យកមកចែក និងផឹកស៊ីជុំគ្នា។

ជនរងគ្រោះមានត្រូវបានក្រុមជនសង្ស័យធាក់ប្លន់យកម៉ូតូ មានឈ្មោះ ផុន វិត ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិចុងកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល បានបាត់បង់តូ ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ផ្លាកលេខ កណ្តាល 1AQ-5134។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.