ខ្សែ​ប្រយុទ្ធ Pablo Augusto Servo de Carvalho ហៅ​កាត់​ថា Pablo ជនជាតិ​ប្រេស៊ីល បាន​ធ្វើ​ដំណើរ​មក​កាន់​ទ្វីប​អាស៊ី ជា​លើក​ទី២ ដោយ​ចូលរួម​ជាមួយ​ក្លិប​នៅ​លីគ​កំពូល​កម្ពុជា ព្រះខ័នរាជស្វាយរៀង ក្រោយ​ពី​៧​ឆ្នាំ​មុន រូប​គេ​បាន​ធ្វើ​ដំណើរ​មក​​ចាប់​អាជីព​​ក្នុង​ទ្វីប​អាស៊ី ជា​លើក​ដំបូង នៅ​​លីគ​ក្នុង​ប្រទេស​ជប៉ុន។

បើ​តាម​ការ​ប្រកាស​លើ​បណ្ដាញ​សង្គម​របស់​ក្លិប​ព្រះខ័នរាជស្វាយរៀង នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​​១៩ ខែ​មិថុនា ឆ្នាំ​២០២៤ កីឡាករ Pablo នឹង​ពាក់​អាវ​លេខ​៨ ដោយ​រូប​គេ​នឹង​ជំនួស​ម៉ាស៊ីន​រក​គ្រាប់​បាល់​​ចាស់​របស់​ក្លិប គឺ​Marcus Haber ដែល​ចាកចេញ​ក្រោយ​ចប់​រដូវកាល​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ។

កីឡាករ Pablo បាន​ចាប់​អាជីព​បាល់ទាត់​ជាមួយ​ក្លិប Audax-RJ U20 នៅ​ឆ្នាំ​​២០១៤ ហើយ​រូប​គេ​បាន​ផ្លាស់​ប្តូរ​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយ​ក្នុង​ប្រទេស​កំណើត​ខ្លួន រហូត​ដល់​ឆ្នាំ​២០១៦ ទើប​ក្លិប FC Ryukyu សមាជិក​លីគ​ទី៣​របស់​ជប៉ុន នាំ​យក​រូប​គេ​មក​កាន់​ទ្វីប​អាស៊ី​ជាលើក​ដំបូង ក្នុងលក្ខខណ្ឌខ្ចីជើង ហើយ​រូប​គេ​ក៏​ធ្លាប់​ចូលរួម​ជាមួយ​ក្លិប Kataller Toyama សមាជិក​លីគ​ទី៣​ជប៉ុន ក្នុង​ឆ្នាំ​២០១៧ ផង​ដែរ។

ចេញ​ពី​ជប៉ុន​កីឡាករ​​វ័យ​​២៨​ឆ្នាំ​រូប​នេះ​ត្រឡប់​ទៅ​បន្ត​អាជីព​ក្នុង​ស្រុក​កំណើត​ខ្លួន​វិញ ដល់​រដូវកាល​២០២៣-២៤ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អឺរ៉ុប ដោយ​ចូលរួម​ក្នុង​ក្លិប Naxxar Lions F.C សមាជិក​លីគ​កំពូល​ប្រទេស​ម៉ាល់តា ព្រម​ទាំង​បង្ហាញ​ខ្លួន​លើ​ទីលាន​បាន​ចំនួន​២៤​ប្រកួត​ទៀត​ផង។

ក្រុម​ព្រះខ័នរាជស្វាយរៀង ទើប​តែ​ឈ្នះ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ទាំង​២​ក្នុង​ឆ្នាំ​តែ​១ នៅ​រដូវកាល​ឆ្នាំ​២០២៣-២៤ ថ្មីៗនេះ ហើយ​មាន​កៅអី​តំណាង​ឱ្យ​កម្ពុជា ដោយ​ស្វ័យប្រវត្តិ ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​តំបន់​អាស៊ាន 2024–25 ASEAN Club Championship ជម្រុះ​ទល់​នឹង​ក្រុម Young Elephants ជើង​ទី១ នៅ​ថ្ងៃ​ទី​១៧ កក្កដា និង​ជើង​ទី២ នៅ​ថ្ងៃ​ទី​២៤ កក្កដា។ អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​ចែក​ពូល​ជា​បន្ត។

ជាមួយ​គ្នា​នេះ​ដែរ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង មួយ​នេះ​មាន​ឈ្មោះ​ចូលរួម​ប្រកួត​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី 2024–25 AFC Challenge League ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​បាល់ទាត់​អាស៊ី នៅ​ពេល​ខាង​មុខ​ទៀត​ផង៕

Share.