កម្ពុជា នឹង​រៀបចំ​ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវាយកូនបាល់ Davis Cup Asia/Oceania Group IV ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ សម្រាប់​ការប្រកួត​​នៅ​ដើម​ខែកក្កដា ឆ្នាំ២០២៤ ខាង​មុខ​នេះ។

ការប្រកួតកីឡាវាយកូនបាល់ Davis Cup Asia/Oceania Group IV ឆ្នាំ 2024 នឹងធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិមរតកតេជោ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកក្កដា។ ព្រឹត្តិការណ៍ នឹងមាន​ប្រទេស​ចូលរួមចំនួន ៨ គឺកម្ពុជា គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ មីយ៉ាន់ម៉ា ស្រីលង្កា កាតា និង អារ៉ាប់រួម។

ចំពោះ​លក្ខខណ្ឌ​នៃ​ការប្រកួតព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV ឆ្នាំ 2024 សម្រាប់​​ក្រុមដែល​ចូល​រួម​ចំនួន ៨ប្រទេស គឺ​ត្រូវ​បែង​ចែក​ជា ២ពូល ដើម្បី​ប្រកួត​ជម្រុះ​យក​ក្រុម​ខ្លាំងចំនួន ២ប្រទេស​ ទៅប្រកួត​វគ្គផ្ដាច់​ប្រ័ត្រ និង​ឡើង​ទៅ​កាន់ Group III។​​

សម្រាប់​ការចូល ទស្សនាគឺឥតគិតថ្លៃ និងបើកចំហជាសាធារណៈ ដូច​នេះ​សូម​អញ្ជើញ​មក​លើក​ទឹក​ចិត្ត​ក្រុមកម្ពុជា។

រំលឹកថា ក្រុម​វាយ​កូន​បាល់​របស់​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​ស្រីលង្កា បាន​ដឹកដៃ​គ្នា​ឡើង​ទៅ​ប្រកួត ​​2023 Davis Cup Asia/Oceania Zone Group III ក្រោយ​ដណ្តើម​កៅអី​បាន​ជា​ក្រុម​ខ្លាំង​ក្នុង Group IV កាល​ពី​ឆ្នាំ២០២២។

សម្រាប់​ក្រុម​វាយ​កូន​បាល់​កម្ពុជា បាន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ Davis Cup លើក​ដំបូង​នៅ​ឆ្នាំ​២០១២ ស្ថិត​ក្នុង​ Group IV ហើយ​នៅ​ឆ្នាំ​២០១៣ ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​ក្នុង Group III ជា​បន្ត ព្រម​ទាំង​រក្សា​កៅអី​រហូត​​ដល់​ឆ្នាំ​២០១៧ ទើប​ធ្លាក់​ទៅ​លេង Group IV វិញ ខណៈ​រង់ចាំ​រហូត​​ដល់​​​៦​ឆ្នាំ​ទើប​ទទួល​បាន​ឱកាស​ឡើង​ទៅ Group III ម្តង​ទៀត​​ពោល​គឺ​នៅ​ឆ្នាំ​២០២៣៕

ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិបុរស
Share.