សិល្បៈជាតិ៖ ការរងចាំ​យ៉ាង​អន្ទះសារ​របស់​កូន​ខ្មែរ​ជា​ច្រើន​រូប​ដែល​ចង់ឃើញ​ ចង់ស្គាល់​នូវ​រូប​ចម្លាក់​បុរាណ​ខ្មែរ​ដែល​ប្រគល់​ពី​បរទេស​ត្រលប់​ព្រះ​រាជាណាចក្រកម្ពុជាវិញ​ បាន​មក​ដល់​ហើយ​ ក្រោយ​មាន​សេចក្ដី​ប្រកាស​ពី​សារ​មន្ទីរជាតិ​កម្ពុជា ថានឹង​មាន​រៀបចំ ​បើកពិព័រណ៍មួយ​ស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល​៦ខែ​ពេញ ដើម្បីអបអរឱកាសព្រះពិធីចំរើនព្រះជន្មព្រះវររាជមាតាជាតិខ្មែរ ដោយ​ពិព័រណ៌​នេះ​បាន​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃអង្គារ ​ទី​១៨ ខែ​មិថុនា រហូតល់​ថ្ងៃ​ពុធ ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤ខាង​មុខ​នេះ​។

នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ពិព័រណ៌ មាន​ឃើញ​ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងសិស្សានុសិស្ស ជា​ច្រើន​បាន​សំរុក​មកទស្សនា​យ៉ាង​ច្រើន​ កុះករ ដោយ​ក្នុង​ចំណោម​នោះ​ កញ្ញា សំណាង អេលីណា តារា​សម្ដែង​ និង​ជា​បវរកញ្ញា​មួយ​រូប​ របស់​កម្ពុជា ក៏​បានបង្ហាញវត្តមាន​ទៅចូលរួម​ផងដែរ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ត្រយង នៅក្នុង​ឱកាសនោះ​ កញ្ញា បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន ក៏ដូចជា​ស្នើ​សុំ​ឱ្យ​មាន​ការមក​ចូលរួម​ទស្សនា​​ការ​តាំង​ពិព័រណ៌ឱ្យ​បាន​កាន់តែច្រើន​កុះ​ករ​​ ដោយ​កញ្ញា​បាន​លើក​ឡើង​ថា​ ក្នុង​នាម​ជា​ពលរដ្ឋខ្មែរ យើង​ទាំង​អស់​គ្នា​មាន​កាតព្វកិច្ចចូលរួមថែរក្សា អភិវឌ្ឍន៍ និង លើកស្ទួយ អរិយធម៌ និង ​វប្បធម៌ជាតិ។

មែនទែន​ទៅ កញ្ញា សំណាង​ អេលីណា អតីត Miss Universe Cambodia 2019 និង ​Miss International Cambodia 2023 បច្ចុ​ប្បន្ន​ កំពុង​សំរុក​ថត​ TVC ថ្មី​ សម្រាប់ការប្រកួត Miss Cambodia 2024 ​ដែល​នឹង​ផ្សព្វផ្សាយ​ពីសិល្បៈ វប្បធម៌ គោលដៅទេសចរណ៍ដ៏មានសក្កានុពលរបស់កម្ពុជាបង្ហាញទៅកាន់​ពិភពលោក ក៏ដូច​ជា​បំផុសភាពក្លាហានឱ្យសុភាពនារីទាំងឡាយឱ្យមានភាពក្លាហានមកដាក់ពាក្យចូលរួមប្រកួតកម្មវិធី Miss Cambodia 2024 ដើម្បីដណ្តើមមកុដ Miss International Cambodia 2024 ហើយ​ទទួល​បាន​ឱកាស​តំណាងកម្ពុជាទៅប្រកួតកម្មវិធីកញ្ញាឯកអន្តរជាតិលើកទី៦២ នៅប្រទេសជប៉ុន នាចុងឆ្នាំ២០២៤នេះ។

សូមរំលឹក​ឡើងវិញថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ កម្ពុជា ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ពីការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក៕

Share.