សង្គមសិល្បៈ៖ តាមអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ថ្មីៗនេះ នាយកដ្ឋានបរិស្ថានព្រៃឈើនិងទឹក នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំយុទ្ធនាការប្រមូលសំរាម និងផ្សព្វផ្សាយអំពីការទុកដាក់សំរាមនៅប្រាសាទព្រះវិហារដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ក្នុងវិទ្យាល័យខេមរតេជោ ដែលស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

កម្មវិធីផ្សព្វផ្សាយនេះមានអ្នកចូលរួមសរុបចំនួន៧៤នាក់ រួមមាន មន្រ្តី និងពលករអាជ្ញាធរជាតិព្រះវិហារ  លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាល័យខេមរតេជោ និងបានផ្តល់ធុងសំរាមចំនួន៦ដល់សាលាដើម្បីសម្រួលដល់ការគ្រប់គ្រងសំរាមក្នុងបរិវេណសាលារៀន។

យុទ្ធនាការប្រមូលសំរាម និងផ្សព្វផ្សាយអំពីការទុកដាក់សំរាមនេះធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួនពីរ គឺ ៖ទី១-អប់រំ និងផ្សព្វផ្សាយដល់សិស្សានុសិស្ស  អំពីបញ្ហាសំរាមដល់សុខភាព បរិស្ថាន និងជីវភាពរស់នៅប្រចាំថ្ងៃ និងទី២-បញ្ជ្រាបការយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមផ្ទះ និងទីសាធារណៈដើម្បីរក្សាបាននូវបរិស្ថានស្អាតក្នុងសហគមន៍រស់នៅរបស់ខ្លួន។

គួររំលឹកដែរថា យុទ្ធនាការប្រមូលសំរាម និងផ្សព្វផ្សាយអំពីការទុកដាក់សំរាមនៅតាមរមណីយដ្ឋានតំបន់ប្រាសាទកន្លងមកធ្លាប់បានធ្វើនៅតំបន់ប្រាសាទកោះកេរ ក្នុងសាលាបឋមសិក្សាតាប្រា ប្រជាសហគមន៍ភូមិរំចេក និងពលករអនាម័យ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ ដោយមានការចូលរួមសរុបចំនួន៥៥នាក់ ស្ថិតនៅសាលាបឋមសិក្សាតាប្រា ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ៕

Share.