ក្រោយ​ PeyPey Dy បាន​ចេញ​មក​សំណូមពរ​ត្រង់​ៗចង់​ឃើញ​តារា​ចម្រៀង​ស្រីឈាន​មុខ​ប្រចាំ​ប្រទេស​កម្ពុជា​ កញ្ញា​ ឱក សុគន្ធ​កញ្ញា ចេញ​សម្ដែង​ Concert លក្ខណៈ​ទោល ឬ​ហៅថា Solo Concert ស្រាប់​តែ​កំពូល​តារា​រូប​នេះ​ចេញ​មក​ឆ្លើយតប​ និង​បង្ហាញ​តម្រុយ​រៀបចំ​ការ​ប្រគំ​តន្ត្រី​តម្រូវ​ចិត្ត​ហ្វេនៗ​ដែល​នៅតែ​ស្រលាញ់​និង​គាំទ្រ​ខ្លួន។

យោងទៅ​តាម​អ្វី​ដែល​ Peypey Dy បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ខ្លួន​ លោក​បាន​លើក​ឡើង​ខ្លីតែខ្លឹមថា​៖ «ដេកស្រម៉ៃថា បើQueen ឳកសុគន្ធកញ្ញា ធ្វើSOLO CONCERT។ Styleធ្វើខ្លួន conceptចំរៀង ក្បាច់រាំ សម្លេង មានទាំងអស់។» បន្ថែម​លើស​ពី​នេះ​ Peypey Dy ក៏​បាន​លើក​យក​ចម្រៀង​ចាស់ៗ​ ដែល​មាន​ប្រជា​ប្រិយភាព​ខ្លាំង​ និង​ទទួល​បាន​ការនិយម​គាំទ្រ​ របស់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​រូប​នេះ​មក​លើក​ជា​ឧទាហរណ៍ដោយ​មាន​ទាំងញាក់ និង​មនោសញ្ចេតនា​ល្បី​ ប្រមាណ​ ៣០​បទ​​ មក​បង្ហាញ​។

ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ Peypey Dy បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា នៅលើទំព័រហ្វេសប៊ុក​របស់​លោក​ អ្នក​ម្ដាយ​កូន​២​ ឱក សុគន្ធ​កញ្ញា បាន​ចេញ​មក​ទម្លាក់តម្រុយ​វិជ្ជមាន​ ដែល​មើល​ទៅភាគ​រយ​ខ្ពស់​ដែល​តារា​រូប​នេះ​នឹង​ត្រៀម​ចេញ​ Solo Concert ព្រោះ​ទំព័រហ្វេសប៊ុក​អ្នក​នាង​បាន​ បញ្ចេញសំណេរ​យ៉ាងដូច្នេះ​ថា៖ «​ម្នាក់នេះខានចេញ ខនសឺតយូរ នឹកម្នាក់នេះអត់? ឧបមាថានឹងមាន Solo Concert តើបងប្អូននឹងមកចូលរួមស្រែកច្រៀងជាមួយម្នាក់នេះអត់? សាកខមិនម្នាក់មួយមើល ម្នាក់នេះចង់ដឹង» ថែម​ទាំង​ភ្ជាប់​ខ្លឹមសារ​ដោយ​បញ្ចូលឈ្មោះ​របស់​ Peypey Dy ដែរថា ជួបគ្នាឆាប់ៗ​ Peypey Dy។

គ្រាន់តែ​សារ​របស់​តារា​ស្រី​ល្បី​លំដាប់​ប្រទេស​រូប​នេះ​ចេញ​ផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ភ្លាម ធ្វើ​ឱ្យ​ហ្វេន​ទាំង​ជិត​ទាំង​ឆ្ងាយ​ទាំង​ក្នុង​ស្រុក និង​ទាំង​នៅបរទេស បាន​សាទរ​ចំពោះ​ដំណឹង​ដ៏រីករាយ​នេះ ព្រម​ទាំង​សំណូម​ពរ​យ៉ាង​ទទូច ចង់​ឱ្យ​តារាស្រី​រូប​ឆាប់​ចេញ​ខនសឺត​ ដែល​គេអាច​ទាញសេចក្ដីសន្និដ្ឋាន​បាន​ថា​ ត្បិត​រៀបការ​មាន​ស្វាមី ថែម​ទាំង​មាន​កូន​ប្រុស​២​ហើយក្ដី ប៉ុន្តែ​ប្រជាប្រិយភាព​របស់​អ្នក​នាង​ នៅតែ​ស្ថិត​នៅ​លំដាប់​កំពូល ព្រោះ​ក្រៅ​តែ​ពី​ជា​តារា​ចម្រៀង គណៈកម្មការ​នៃ​កម្មវិធី​លំដាប់​ពិភពលោក​ ហើយនោះ អ្នក​នាង​ ក៏ថត​ស្ពតពាណិជ្ជកម្ម និង​ក្ដោប​បាន​តំណែង​ជា​ BA ក្រុម​ហ៊ុន​ធំៗ​ផង​ដែរ៕

Share.