ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកពានរង្វាន់លីកកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៤-២៥ ទទួលសិទ្ធិតំណាងឱ្យកម្ពុជា ចូលរួមប្រកួតក្នុងពានរង្វាន់កម្រិតទ្វីបអាស៊ី 2024–25 AFC Challenge League ដែលមានប្រាក់រង្វាន់ដល់ទៅ១លានដុល្លារអាមេរិក។

ពានរង្វាន់ 2024–25 AFC Challenge League ត្រូវបានសហព័ន្ធកីឡាអាស៊ី បែងចែកជា២តំបន់ដោយក្នុងនោះមានអាស៊ីភាគខាងកើត និងអាស៊ីភាគខាងលិច ប្រកួតតាមតំបន់រៀងៗខ្លួន ចប់វគ្គចែកពូលទើបរកឃើញក្រុមទៅប្រកួតរួមគ្នានៅវគ្គ៨ក្រុមចុងក្រោយ និងបន្តប្រកួតរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។

សម្រាប់អាស៊ីភាគខាងកើត នៅសល់ក្លិបចំនួន៦ ប៉ុណ្ណោះ ស្របពេលដែលក្លិបមកពីប្រទេសខ្លះមិនអាចចូលរួមបាន ព្រោះមិនមានអាជ្ញាប័ណ្ណក្លិប ដែលទទួលស្គាល់ដោយសហព័ន្ធអាស៊ី (AFC Club Licensing)។ ក្លិបដែលនៅសល់ទាំង៦ រួមមាន៖
១) Madura United ជាជើងឯករងមកពីលីគកំពូលរបស់ប្រទេសឥណ្ឌូណេស៊ី
២) Shan United ម្ចាស់ជើងឯកលីគកំពូលរបស់ប្រទេសមីយ៉ាន់ម៉ា
៣) ព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា
៤) Taiwan Steel ម្ចាស់ជើងឯកលីគកំពូលរបស់កោះតៃវ៉ាន់
៥) Young Elephatnts ម្ចាស់ជើងឯកលីគកំពូលរបស់ប្រទេសឡាវ
៦) SP Falcons ម្ចាស់ជើងឯកលីគកំពូលប្រទេសម៉ុងហ្គោលី

ក្រុមទាំង៦នេះនឹងចាប់ឆ្នោតស្ថិតនៅ២ពូល ក្នុង១ពូលមាន៣ក្រុម ហើយប្រកួតប្រជែងរកជើងខ្លាំងក្នុងតំបន់មុនឈានទៅប្រជែងជើងឯកប្រចាំទ្វីប។

ចំណែកក្រុមនៅតំបន់អាស៊ីខាងលិច ដែលទទួលបានកៅអីដោយស្វ័យប្រវត្តិចំនួនម្នាក់១កៅអីនោះមានដូចជា៖ គុយវ៉ែត, ទួរមេនីស្ថាន, លីបង់, ស៊ីរី, បង់ក្លាដេស, អូម៉ង់, ម៉ាល់ឌីវ, ប៉ាឡេស្ទីន។ ចំណែកក្រុមស្ថិតក្នុងវគ្គជម្រុះមាន គីជីស្ថាន, នេប៉ាល់, ប៊ូតាន់,អាហ្វហ្គានីស្ថាន។

តាមគម្រោងការប្រកួតជម្រុះនៅអាស៊ីខាងលិច ធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ខណៈការប្រកួតជម្រុះតាមពូលមាន៣ប្រកួត ធ្វើឡើងនៅចុងខែតុលា និងវិច្ឆិកា ឆ្នាំ២០២៤។ ចំណែកវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ទាំង២តំបន់ធ្វើឡើងនៅអំឡុងខែមីនា និងមេសា ឆ្នាំ២០២៥ និងវគ្គផ្តាច់ព្រ័ត្រ ធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។

ចំពោះប្រាក់រង្វាន់វិញមានដូចជា៖
-ក្រុមឡើងដល់វគ្គ៨ក្រុមចុងក្រោយទទួលបានប្រាក់៨ម៉ឺនដុល្លារ
-ក្រុមឡើងដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្របានចំនួន១២ម៉ឺនដុល្លារ
-ក្រុមជើងឯករង៥០ម៉ឺនដុល្លារ
-ក្រុមជើងឯក១លានដុល្លារ

សូមបញ្ជាក់ថាបច្ចុប្បន្ននេះសហព័ន្ធកីឡាបាល់ទាត់អាស៊ី បានបែងចែកការប្រកួតសម្រាប់ក្លិបជាសមាជិកចំនួន៣កម្រិតដោយក្នុងនោះពានរង្វាន់កម្រិតទី១ ឈ្មោះថា AFC Champions League Elite មានប្រាក់រង្វាន់ ១០លានដុល្លារអាមេរិក សម្រាប់ក្រុមជើងឯក ហើយពានរង្វាន់កម្រិតទី២ AFC Champions League Two មានប្រាក់រង្វាន់២លានដុល្លារកន្លះ និងពានរង្វាន់កម្រិតទី៣ AFC Challenge League មានប្រាក់រង្វាន់១លានដុល្លារអាមេរិក៕

Share.