សិល្បៈអន្តរជាតិ៖ អ្នកនាង Angelina Jolie និងកូនស្រីគឺនាង Vivienne បានដឹកដៃគ្នាបណ្ដើរយ៉ាងត្រសងនៅលើកម្រាលព្រំក្រហមកម្មវិធីទទួលពានរង្វាន់ Tony Awards លើកទី ៧៧ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅក្នុងទីក្រុងញូវយ៉ក។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺការបង្ហាញវត្តមានដំបូងរបស់អ្នកនាង  Angelina Jolie នៅលើកម្រាលព្រំក្រហមនេះ ដោយអ្នកនាង និងកូនស្រីបានឈ្នះពានរង្វាន់ Tony Award ជាលើកដំបូងសម្រាប់ការផលិតរឿង The «Outsiders» ដែលការងារធ្លាប់ឈ្នះពានរង្វាន់ចំនួន ៤ ពីកម្មវិធីធំៗដែលផ្ដោតលើប្រភេទសំខាន់បំផុតគឺ Best Musical រួមមានពានរង្វាន់ Emmy, Grammy, Oscar និងចុងក្រោយនេះ Tony Award។ មែនទែនទៅកំពូលតារាសម្តែងរូបនេះ ផលិតរឿង «Outsiders» នេះឡើងដោយបានដកស្រង់ចេញពីប្រលោមមួយដ៏មានវ័យចំណាស់ខ្លាំង និពន្ធនៅឆ្នាំ ១៩៦៧ របស់ SE Hinton ។ 

ងាកមកចាប់អារម្មណ៍ការតែងខ្លួនរបស់អ្នកនាង  Angelina Jolie និងកូនស្រីវិញ ត្រូវបានគេដឹងថា អ្នកនាងបង្ហាញសម្លៀកបំពាក់ជារ៉ូបពណ៌កាប់ស្ទាំងស្រាលចាយជាមួយរាងតូចច្រឡឹងដែលបានជះសម្រស់ក្នុងវ័យ៤៩ឆ្នាំ ព្រមទាំងបានបង្ហាញ ស្នាមសាក់ថ្មីរូបសត្វត្រចៀកកាំនៅចំកណ្ដាលដើមទ្រូង រីឯ Vivienne គ្រងនូវឈុតសម្លៀកបំពាក់អាវទុយនុយក្នុងខោដូចជាក្មេងប្រុសៗ។ បន្ថែមពីលើនេះស្នាមសាក់នៅលើទ្រូងរបស់អ្នកនាង  Angelina Jolie គឺបានបង្ហាញពីតំណាងឱ្យសេចក្តីស្រឡាញ់ ទំនាក់ទំនងផ្លូវចិត្តដ៏រឹងមាំ ភាពក្លាហាន ការតាំងចិត្តដើម្បីបន្តក្តីសុបិន និងមហិច្ឆតា។ សត្វត្រចៀកកាំនេះ គឺជានិមិត្តរូបនៃក្តីសង្ឃឹម សេចក្តីអំណរ សេរីភាព និងភាពស្មោះត្រង់។ លើសពីនេះ វាក៏បង្កប់នូវអត្ថន័យការពារ ដឹកនាំ ជម្នះនូវទុក្ខលំបាកទាំងពួង។

សូមជម្រាបថា ក្រៅពីដំណឹងទទួលពានរង្វាន់ធំមួយនេះសម្រាប់ក្រុមគ្រួសារ អ្នកនាង Angelina Jolie ហើយនោះ សារព័ត៌មាន Fox NEWS  បានចេញផ្សាយថា កូនប្រុសស្រីរបស់កំពូលតារាស្រីនេះ កំពុងរត់ការជាមួយមេធាវី ដើម្បីទម្លាក់ត្រកូល Brad Pitt ចេញពីបញ្ជីឈ្មោះ ដោយមាន Shiloh, Zahara, Vivienne, Maddox និង Knox ដោយប្រើត្រឹមត្រកូល Jolieជំនួសវិញ៕

Share.