ភ្នំពេញ ៖ ជនសង្ស័យម្នាក់ឃើញជនរងគ្រោះ២នាក់ប្តីប្រពន្ធជាជនបរទេស កំពុងខូចរថយន្ត ឆ្លៀតឱកាសទៅឆក់កាបូបស្ពាយ ពីបុរសជាប្តី តែសំណាងល្អខ្សែកាបូបមិនដាច់ ជនរងគ្រោះទាញកន្ត្រាក់មកវិញ បណ្តាលឱ្យដួលម៉ូតូ ជនសង្ស័យភ័យស្លន់ស្លោ រត់ឡើងម៉ូតូបក្ខពួកមួយគ្រឿងផ្សេងទៀត ជិះគេចខ្លួនបាត់ កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ម៉ូតូដែលជនសង្ស័យ រត់ចោល ម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IN-1719 ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ មានជនបរទេស២នាក់ប្តីប្រពន្ធ ខូចរថយន្តនៅលើផ្លូវ១១០ ហើយជនរងគ្រោះទាំង២នាក់បានចុះចេញពីរថយន្ត ដោយបុរសជាប្តីជាអ្នកស្ពាយកាបូប កំពុងឈរ គិតស្វែងរកដំណោះ ស្រាប់តែជនសង្ស័យម្នាក់ជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IN-1719 ឆក់កាបូបស្ពាយ តែមិនបានសម្រេច ពោះមិនបានដាច់ខ្សែ ជនរងគ្រោះកន្ត្រាក់ទាញវិញ ធ្វើឱ្យជនសង្ស័យដួលម៉ូតូ ភ័យស្លន់ស្លោ រត់ឡើងជិះម៉ូតូបក្ខពួកមួយគ្រឿងផ្សេងទៀតគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សល់ម៉ូតូមួយគ្រឿង សមត្ថកិច្ចចុះទៅ យកម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ និងបន្តស្រាវជ្រាវ មុខសញ្ញាខាងលើ ៕

អត្ថបទ÷តាតុងសែនជ័យ

