ត្បូងឃ្មុំ៖ ហ្វូងដង្កូវស៉ីបំផ្លាញដំណាំស្រូវ និងដំណាំដំឡូងមី របស់ប្រជាកសិករនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ អស់ប្រមាណលើផ្ទៃដី ៦៧៩ហិកតា (ដំណាំស្រូវ ៥៩០ហិកតា និងដំណាំដំឡូងមី ៨៩ហិកតា) តែករណីនេះ មន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានចាត់វិធានការទប់ស្កាត់ កម្ចាត់ហ្វូងដង្កូវដែលរាតត្បាតស៉ីបំផ្លាញលើដំណាំរបស់កសិករបានទាន់ពេលវេលា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ។

  លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាកសិករមានករណីវត្តមានដង្កូវហ្វូងស៉ីបំផ្លិចបំផ្លាញដំណាំស្រូវ និងដំណាំដំឡូងមីរបស់ប្រជាកសិករ នៅក្នុងភូមិសាស្រ្តឃុំ ស្រុកមួយចំនួនក្នុងខេត្តត្បូងឃ្មុំភ្លាម មន្ទីរបានចាត់មន្ត្រីចុះស្រាវជ្រាវពិនិត្យ និងវាយតម្លៃឃើញថា លើទំហំផ្ទៃដីខាងលើ ពិតជារងការរាតត្បាតបំផ្លាញ់ពីដង្កូវហ្វូង នៅក្នុងស្រុកពញាក្រែក មាន៤ឃុំ ស្រុកតំបែរមាន៣ឃុំ និងស្រុកត្បូងឃ្មុំ មាន១ឃុំ ។ ចំពោះមុខករណីនេះ មន្ត្រីជំនាញបានចុះពន្យល់ណែនាំពីវិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូងដែលរាតត្បាតបំផ្លាញលើដំណាំស្រូវ និងដំណាំដំឡូងមី។

  លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ក្នុងនោះមន្ត្រីយើងបានធ្វើការណែនាំដល់កសិករចំនួន១១លើក ដែលមានបងប្អូនកសិករចំនួន២៥៥នាក់ (ស្រី៧៦នាក់) ដោយចាត់វិធានការកម្ចាត់ប្រើវិធីសាស្ត្របង្កើតជម្រកសិប្បនិម្មិត និងបាញ់ថ្នាំងសម្លាប់ដង្កូវហ្វូងសម្រេចលើផ្ទៃដីខាងលើ ។ បានផ្សព្វផ្សាយ តាមវិទ្យុ ទូរទស្សន៍ និងតាមបណ្តាញសង្គមផងដែរ ។

ជាងនេះទៀត ឲ្យមន្ត្រីកដិកម្មឃុំ សហការជាមួយលោកមេឃុំ និងអញ្ជើញលោកមេភូមិមកប្រជាផ្សព្វផ្សាយហ្វូងដង្កូវនេះ ។ មន្ទីរនឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន តាមដានពីប្រសិទ្ធភាព នៃការអន្តរាគមន៍និងការរាលដាលថ្មីៗដើម្បីចាត់វិធានការឲ្យទាន់ពេលវេលា៕

អត្ថបទ៖ អាចារ្យលាក់

Share.