
វេទិកាប៉េកាំងសៀងសាន លើកទី១៣ (13th Beijing Xiangshan Forum) ត្រូវ បានរៀបចំឡើងយ៉ាងអធិកអធម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំការពារជាតិ រដ្ឋមន្ត្រី និងតំណាងកងទ័ពមកពីបណ្តាប្រទេសជាង ១០០ គ្របដណ្តប់តំបន់អាស៊ី អឺរ៉ុប អាហ្វ្រិក និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

នៅក្នុងឱកាសបើកវេទិកាសន្តិសុខដ៏មានឥទ្ធិពលនេះ ប្រតិភូទាំងអស់ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ ព្រឹត្តិការណ៍នេះ បានបង្កើតឱ្យមានជំនួបពិភាក្សាសំខាន់ៗជាច្រើន រវាងរដ្ឋមន្ត្រីការពារជាតិ និងថ្នាក់ដឹកនាំវិស័យយោធាមកពីបណ្តាប្រទេសជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងការវាយតម្លៃលើបញ្ហាសន្តិសុខ ព្រមទាំងបញ្ហាប្រឈមធំៗដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក។

រចនាសម្ព័ន្ធនៃ «វេទិកាប៉េកាំងសៀងសាន» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់លំហ និងឱកាសប្រកបដោយសមធម៌សម្រាប់ទាំងប្រទេសតូច និងប្រទេសធំ ក្នុងការចូលរួមបញ្ចេញមតិ ពិភាក្សាដេញដោល និងរួមគ្នាស្វែងរកដំណោះស្រាយសន្តិវិធីចំពោះវិបត្តិសន្តិសុខរួម។

បន្ថែមពីលើកិច្ចប្រជុំពេញអង្គ វេទិកានេះក៏បានបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់បណ្តាប្រទេសភាគីទាំងអស់ រៀបចំជំនួបពិភាក្សាការងារទ្វេភាគី និងពហុភាគីនៅក្រៅផ្លូវការ ដើម្បីរឹតចំណងមិត្តភាព បង្កើនទំនុកចិត្តផ្នែកយោធា និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងការប្រែប្រួលនៃសភាពការណ៍សន្តិសុខពិភពលោកនាពេលបច្ចុប្បន្ន៕
