បាងកក៖ ការបំបែកសម្បុកឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Scammer) ដ៏ធំមួយនៅក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានបើកកកាយនូវការពិតដ៏ភ្ញាក់ផ្អើលមួយដែលអាជ្ញាធរថៃតែងតែខិតខំលាក់បាំង និងទម្លាក់កំហុសដាក់ប្រទេសជិតខាង។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post សមត្ថកិច្ចថៃបានឆ្មក់ចូលបង្ក្រាបភូមិគ្រឹះដ៏ស្កឹមស្កៃកម្ពស់ ២ជាន់ ស្ថិតលើផ្លូវ Ekachai 112 ក្នុងខណ្ឌ Bang Bon ដោយបានឃាត់ខ្លួនមនុស្សសរុប ១៥នាក់ ក្នុងនោះមានជនបរទេស (ចិន ជប៉ុន និងតៃវ៉ាន់) ព្រមទាំងមានជនជាតិថៃម្នាក់ផងដែរ។

អ្វីដែលគួរឱ្យហួសចិត្តនោះគឺ ក្រុមឧក្រិដ្ឋជនអន្តរជាតិទាំងនេះ បានសំងំធ្វើសកម្មភាពទុច្ចរិតយ៉ាងសុខសាន្តនៅក្នុងដែនដីថៃអស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយពុំមានការរំខានឡើយ។ ពួកគេបានចំណាយប្រាក់ជួលភូមិគ្រឹះនោះរហូតដល់ ៩០០ ០០០បាត (ជិត ២៧ ០០០ដុល្លារអាមេរិក) ក្នុងមួយខែ ដើម្បីបើកប្រតិបត្តិការឆបោកយ៉ាងសេរី ដោយជាន់ទី១ មានរៀបចំជាបនល្បែង និងបន្ទប់ខារ៉ាអូខេ ខណៈនៅជាន់ទី២ ពួកគេថែមទាំងបានកែច្នៃបន្ទប់ឱ្យក្លាយជា «ប៉ុស្តិ៍ប៉ូលិសជប៉ុន» ក្លែងក្លាយ ដោយមានបំពាក់ទាំងឯកសណ្ឋានប៉ូលិសសម្រាប់ Call Video បន្លំភ្នែក និងជម្រិតទារប្រាក់ពីជនរងគ្រោះទៀតផង។

ប្រតិបត្តិការបង្ក្រាបនេះ គឺជាភស្តុតាងជាក់ស្តែងដែលបង្ហាញថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហារួមក្នុងតំបន់ និងសកលលោក ហើយប្រទេសថៃខ្លួនឯង ក៏ជាសម្បុក និងជាទីតាំងប្រតិបត្តិការដ៏ធំមួយនៃបទល្មើសទាំងនេះដែរ។ ការដែលកន្លងមក ថៃតែងតែប្រើយុទ្ធសាស្ត្រចង្អុលមុខចោទប្រកាន់ប្រទេសជិតខាងថា ជាប្រភពនៃក្រុម Scammers នោះ គឺគ្រាន់តែជាល្បិចបង្វែរដាន ដើម្បីបិទបាំងភាពធូររលុង និងកម្សោយនៃការគ្រប់គ្រងសន្តិសុខផ្ទៃក្នុងរបស់ខ្លួនតែប៉ុណ្ណោះ៕

ប្រភព៖ Bangkok post

Share.