គ្រាន់តែជើងជាន់ដល់ទឹកដីក្រុងបាងកកភ្លាម លោក សីហាស័ក្ដ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានបង្ហាញធាតុពិតនៃជំហររឹងរូសរបស់ខ្លួនភ្លែត ដោយបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ថា ភាគីថៃនៅតែទាមទារឱ្យមានការខណ្ឌសីមាព្រំដែនសមុទ្រឱ្យបានច្បាស់លាស់ជាមុនសិន ទើបអាចឈានទៅជជែកអំពីការអភិវឌ្ឍរួម ឬការបែងចែកផលប្រយោជន៍ធនធានធម្មជាតិបាន។

ការប្រកាសជំហរជាឯកតោភាគី និងការបដិសេធមិនព្រមជជែកអំពីការអភិវឌ្ឍរួម ក្នុងអំឡុងពេលអន្តរកាលនេះ ត្រូវបានគេមើលឃើញថា គឺជាការផ្លាស់ប្តូរទឹកដមសំឡេងយ៉ាងលឿន និងផ្ទុយស្រឡះពីអ្វីដែលរូបលោកបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ នៅចំពោះមុខគណៈកម្មការផ្សះផ្សា (UNCLOS) នៅប្រទេសសិង្ហបុរី កាលពីប៉ុន្មានថ្ងៃមុន ដែលកាលណោះលោកបានអះអាងថា «ថៃត្រៀមខ្លួនជាស្រេចក្នុងការស្វែងរកចំណុចរួម និងគោរពលើជំហរផ្លូវច្បាប់អន្តរជាតិ»។

ការលើកឡើងរបស់លោក សីហាស័ក្ដ នៅទីក្រុងបាងកក បានស្តែងឱ្យឃើញយ៉ាងច្បាស់នូវចេតនាពិតប្រាកដរបស់ថៃ ដែលព្យាយាមកំណត់លក្ខខណ្ឌមុនជាឯកតោភាគី និងបិទទ្វារចំពោះរាល់ជម្រើសអន្តរកាលទាំងឡាយណាដែលជាដំណោះស្រាយប្រកបដោយការយោគយល់គ្នា។

ខណៈដែលកម្ពុជាបានបង្ហាញភាពចាស់ទុំ និងភាពបត់បែន ដោយបានស្នើឡើងនូវជម្រើសអភិវឌ្ឍន៍រួមគ្នា (JDA) ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ចជូនប្រជាជននៃប្រទេសទាំងពីរស្របពេលដែលកំពុងដោះស្រាយរឿងព្រំដែន ភាគីថៃបែរជាបដិសេធភ្លាមៗ ដោយទទូចយកតែជំហរត្រូវតែធ្វើតាមថៃជាមុនសិនទើបអាចរចាបាន។

មួយវិញទៀត ការទាមទារឱ្យខណ្ឌសីមាព្រំដែនសមុទ្រឱ្យរួចរាល់ទាំងស្រុងជាមុន ដែលជាបញ្ហាស្មុគស្មាញ និងត្រូវប្រើប្រាស់ពេលវេលាយូរនោះ ត្រូវបានគេមើលឃើញពីយុទ្ធសាស្ត្រពន្យារពេលរបស់ថៃ ដើម្បីចៀសវាងការចែករំលែកផលប្រយោជន៍ដោយសមធម៌ និងដើម្បីរក្សាប្រធានបទនេះជាឧបករណ៍ទាញយកប្រជាប្រិយភាពនយោបាយក្នុងស្រុក។

សូមជម្រាបថា សាធារណជន និងអ្នកតាមដានការទូតអន្តរជាតិ អាចមើលឃើញយ៉ាងច្បាស់នូវភាពខុសគ្នារវាង «កម្ពុជាដែលឈរលើជំហរច្បាប់អន្តរជាតិ ភាពស្មោះត្រង់ និងការទូតប្រកបដោយការយន្តការសម្របសម្រួល» ជាមួយនឹង «ថៃដែលប្រកាន់យកជំហរក្រឡេចក្រឡុករវាងតុចរចា និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក»។ យ៉ាងណាក៏ដោយ កម្ពុជានឹងនៅតែបន្តបោះជំហានទៅមុខដោយស្ពាយនូវអង្គហេតុ និងភស្តុតាងផ្លូវច្បាប់ដ៏រឹងមាំ នៅក្នុងដំណើរការផ្សះផ្សាក្រោមឆត្រ UNCLOS ដោយមិនរវើរវាយទៅតាមការប្រែប្រួលសម្តីមាត់ទទេរបស់ភាគីថៃឡើយ៕

Share.