កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ កីឡាករ Thiago Teixeira (ហៅ សែន ច័ន្ធរិទ្ធីគុណ) បានបង្ហោះសារលើគណនី Facebook ផ្ទាល់ខ្លួនទាំងមិនសប្បាយចិត្តដោយអះអាងថា រូបគេមិនសូវទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ដូចកីឡាករមីយ៉ាន់ម៉ា Dave Leduc ហើយបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការប្រកួតក្បាច់គុនចម្រុះជើងឯកអាស៊ីខាងមុខ រូបគេនឹងចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅ សហរដ្ឋអាមេរិក។

សែន ច័ន្ធរិទ្ធីគុណ បន្តថា៖«ខ្ញុំពិតជាមានសេចក្តីសាទរចំពោះគ្រប់គ្នា ខ្ញុំតែងតែចង់ឃើញភាពល្អប្រសើរបស់មនុស្សគ្រប់រូបនៅទីនេះ ! ខ្ញុំបានឃើញ Dave Leduc គាត់ថតស្ព័តពាណិជ្ជកម្ម និងធ្វើការនៅទីនេះគឺបានយ៉ាងល្អមែនទែន ។ ម្យ៉ាងវិញទៀត ខ្ញុំរំពឹងថារឿងល្អបែបនេះ វាតែងតែកើតឡើងសម្រាប់ពួកយើងគ្រប់គ្នា ប៉ុន្តែវាជាគួរអោយសោកស្ដាយខ្លាំងណាស់ បើក្រឡេកមកមើលស្ថានភាពរបស់ខ្ញុំ»។

សែន ច័ន្ធរិទ្ធីគុណ សង្កត់ធ្ងន់ថា៖«បន្ទាប់ពីការបាត់បង់សឹងតែមួយជីវិត ជាមួយលុយជាង ៥០ម៉ឺនដុល្លារតើវាយ៉ាងណា? ក្តីស្រមៃរបស់ខ្ញុំត្រូវបានរសាត់អណ្តែត , តែទោះបីជាយ៉ាងណាក៏ដោយខ្ញុំនិង កម្ពុជា នៅតែបន្តធ្វើជាតំណាងគុនខ្មែរ។ យ៉ាងណាពេលនេះ! ខ្ញុំយល់ថាខ្លួនឯងគ្មាន “ការងារ” ណាមួយឡើយ! ដើម្បីបន្តបេសកកម្មដ៏វែងឆ្ងាយមួយនេះ ។ ខ្ញុំដឹងថាអ្នកណាចង់ឱ្យខ្ញុំចេញពីកម្ពុជា ហើយនិយាយអាក្រក់ពីខ្ញុំទៅកាន់ថ្នាក់ដឹកនាំទាំងអស់ ហើយខ្ញុំថែមទាំងមិនអាចការពារខ្លួនបាន។ ខ្ញុំបានបង្កើតប្រវត្តិសាស្ត្រនៅកម្ពុជាដើម្បីឆ្ពោះទៅកាន់ពិភពលោកទាំងមូល! ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ខ្ញុំស្រលាញ់ប្រជាជនកម្ពុជាពិតប្រាកដ ប៉ុន្តែខ្ញុំធ្លាប់បានទទួលសារពីថ្នាក់ដឹកនាំចង់អោយខ្ញុំធ្វើយ៉ាងណាដើម្បីភាពរីកចម្រើនរបស់កម្ពុជាលើវិស័យដែលយើងកំពុងតែដើរ ហើយ ខ្ញុំកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកនៅកម្ពុជា អាចថាលំបាកជាងនៅ ប្រទេសថៃផងប៉ុន្តែខ្ញុំបែរជាត្រូវទទួលបានការរារាំងពីសំណាក់ដឹកនាំរបស់របស់ខ្ញុំទៅវិញ»។

សែន ច័ន្ធរិទ្ធីគុណ បន្ថែមចុងក្រោយ៖«បន្ទាប់ពីការប្រកួត AMMA ខ្ញុំត្រូវចាកចេញទៅសហរដ្ឋអាមេរិក ហើយនៅទីនោះខ្ញុំនឹងកាន់តែមានភាពប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អទៅកាន់បងប្អូនគ្រប់គ្នា ។ ដោយក្តីគោរពពីខ្ញុំបាទ សែន ច័ន្ទឫទ្ធី»៕

Share.