កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យ០២នាក់ បន្ទាប់ពីធ្វើសកម្មភាព ចូលរួចសម្ភារៈ នៅក្នុងវត្តកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២២:៣០នាទី ស្ថិតនៅក្នុងវត្តព្រែកអំពិល ស្ថិតនៅភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

ជនសង្ស័យមានគ្នា០២នាក់ ទី១.ឈ្មោះ ផល្លឹង សុភាព ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ជនសង្ស័យ ធ្លាប់ជាប់ពន្ធនាគាររយៈពេល ០២ឆ្នាំ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ទី២.ឈ្មោះ ជា ឆាយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។ ជាមួយគ្នាសមត្ថកិច្ច ដកហូតចំពោះវត្ថុតាងចាប់យកបានមាន មានម៉ាស៊ីនសម្រាប់កាត់ស្មៅ ០១គ្រឿង ។ ឆ្នាំងដាំបាយធំ ចំនួន ០២។ អាគុយ០១។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កន្លងមកនៅក្នុងវត្តព្រែកអំពិល ចេះតែឧស្សាហ៍បាត់បង់សម្ភារៈជាច្រើននៅក្នុងវត្តដូចជា ឆ្នាំងបាយ អាគុយ ដែក ទើបគណៈកម្មការវត្តមានការស្រាវជ្រាវរកអ្នកលួច ។ លុះនៅថ្ងៃទី១៥ខែមិដុនា ឆ្នាំ២០២៤ វេលាម៉ោង ២២:៣០នាទី ឈ្មោះ ញឹប រី ជាគណៈកម្មការវត្ត បានយកម៉ាស៊ីនសម្រាប់កាត់ស្មៅ ០១គ្រឿង មកទុកក្នុងសាលាឆាន់នៅក្នុងវត្តព្រែកអំពិល លុះស្អែកឡើងថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៧:០០នាទី ឈ្មោះ ញឹប រី បានទៅយកម៉ាស៊ីនដើម្បីកាត់ស្មៅនៅក្នុងវត្តបន្ត ក៏ស្រាប់តែបាត់ ហើយព្រះសង្ឈ និងគណៈកម្មាការក្នុងវត្តបាននាំគ្នារកតែមិនឃើញ។

លុះមកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៩:០០នាទី ទើបជនសង្ស័យឈ្មោះ ជា ឆាយ បានមកនិយាយជាមួយព្រះចៅអធិការវត្តថា បើសិនត្រូវការចាន ឆ្នាំង និងអាគុយ ទាល់តែឱ្យលុយមកខ្លួនគេ បានគេយកសម្ភារៈទាំងនោះឱ្យ ព្រះសង្ឈក៏យល់ព្រម ជនសង្ស័យឈ្មោះ ជា ឆាយ បានយកអាគុយមកប្រគល់ឱ្យព្រះសង្ឈ បន្ទាប់មកដោយមានការសង្ស័យទៅលើជនសង្ស័យឈ្មោះ ជា ឆាយ ជាអ្នកលួចសម្ភារៈនៅក្នុងវត្ត ទើបនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៦:៣០នាទី ព្រះចៅអធិការវត្តបានទូរស័ព្ទប្រាប់គណកម្មការវត្ត ទើបឈ្មោះ មុត ផាត់ តំណាងឱ្យគណៈកម្មការវត្ត មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល។ ក្រោយទទួលបានបណ្តឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល បានសហការជាមួយកម្លាំងជំនាញធ្វើការស្រាវជ្រាវ ហើយ បានហៅជនសង្ស័យ០២នាក់មកសាកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យម្នាក់បានសារភាពថា ខ្លួនគេពិតជាអ្នកលួចសម្ភារៈរបស់វត្ត ហើយបានប្រគល់ទៅឱ្យជនសង្ស័យម្នាក់ទៀតជាអ្នកចាត់ចែងលក់ និងកន្លងពួកខ្លួនធ្លាប់បានលួចសម្ភារៈនៅក្នុងសាលារៀន នៅក្នុងវត្ត បានចំនួន០៥លើក រាល់សម្ភារៈដែលខ្លួនគេលួចបានគឺយកប្រគល់ឱ្យឈ្មោះ ជា ឆាយ ជាអ្នកលក់បន្ត ពេលលក់បានប្រាក់ជនសង្ស័យទាំង០២នាក់ យកទៅទិញថ្នាំញៀនយកមកជក់ជាមួយគ្នា និងចាយវាយជាមួយគ្នា ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បន្តចាត់ការតាមនីតិវិធី។

Share.