កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ខណៈដែលបន្លំធ្វើជាសួររកផ្លូវ ស្រ្តីម្នាក់កំពុងជិះកង់តាមផ្លូវ រួចឆ្លៀតឱកាសឆក់ទូរស័ព្ទ ដៃពីស្រ្តីរងគ្រោះ ហើយព្យាយាមជិះរត់ តែត្រូវពលរដ្ឋជួយដេញចាប់បានកាលពី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៩:១០នាទី នៅចំណុចភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យចំនួន ០២នាក់ ទី១.ឈ្មោះ ដុស ឧស្សាហ៍ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី២.ឈ្មោះ ស៊ីម អឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យទាំង ០២នាក់ មានសារធាតុញៀននូវក្នុងទឹកនោម។

ក្នុងប្រត្តិបត្តិការណ៍ សមត្ថកិច្ចដកហូតវត្ថុតាងមានដូចជា ម៉ូតូ ០១គ្រឿង ម៉ាក Honda Scoopy ពណ៌ក្រហម ស៊េរីឆ្នាំ២០២២ ផ្លាកលេខ តាកែវ 1AD-9819 (របស់ជនសង្ស័យ)។ ទូរស័ព្ទ ០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ របស់ជនរងគ្រោះ ។ ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន 0២កញ្ចប់តូច ។ កូនកាំបិត ០១ ដងជ័រ ពណ៌លឿង ។ កូនកាំបិតឆ្នៃ ០១ សម្រាប់កាត់ខ្សែភ្លើង ។ ទួឡឺវីស ០១ ។ កន្រ្តៃកាត់ខ្សែភ្លើង ០១។

ជនរងគ្រោះ ឈ្មោះ ថន ស្រីនិច្ច ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៩:២០នាទី ពេលជនរងគ្រោះកំពុងជិះកង់តាមផ្លូវ ហើយទុកទូរសព្ទរបស់ខ្លួនម៉ាក OPPO ពណ៌ខ្មៅ នៅក្នុងកន្រ្តកកង់ បន្ទាប់មកក៏ស្រាប់តែមានជនសង្ស័យ ០២នាក់ខាងលើ បានជិះម៉ូតូ ០១គ្រឿង ម៉ាក Honda Scoopy ពណ៌ក្រហម បានជិះមកទន្ទឹម ហើយបានធ្វើជាវង្វេងផ្លូវ  រួចបានមកសួរនាំជនរងគ្រោះចុះឡើង បន្ទាប់មកជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះដែលទុកក្នុងកន្រ្តកកង់ ហើយនាំគ្នាជិះរត់ ភ្លាមៗ ជនរងគ្រោះបានស្រែកថាចោរៗ ផ្អើលអស់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ នាំគ្នាដេញតាមនិងឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ព្រែកឫស្សី ឱ្យចុះអន្តរាគមន៍នាំខ្លួនជនសង្ស័យទាំង០២នាក់ យកមកសាកសួរនៅប៉ុស្តិ៍ និងបញ្ជូនមកអធិការនគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្តង។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគាត់ពិតជាបាន ធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖កណ្តាល

Share.