សិល្បៈជាតិ៖ តារាចម្រៀង ចិត្ត កញ្ចនា នាពេលថ្មីៗនេះទទួលបានការអញ្ចើញពីស្ថានីយ៍ទូរទស្សន៍ KBS របស់កូរ៉េខាងត្បូងឱ្យចូលរួមសម្តែងកម្មវិធី Round Festival នៅ ទីក្រុងប៊ូសាន ក្នុងនាមជាសិល្បករកម្ពុជាបែបសម័យ ដែលត្រៀមធ្វើឡើងនៅអំឡុងខែ កក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ តើអ្វីទៅជាកម្មវិធី Round Festival ?

ROUND FESTIVAL គឺជា​កម្មវិធី​មហោស្រព​តន្ត្រី​អាស៊ាន-កូរ៉េ «ASEAN-ROK MUSIC FESTIVAL» ដែល​កាល​​ឆ្នាំមុន អ្នកនាង មាស សុខសោភា, Nevrmind BAND និងគ្រូតន្រ្តី សូរ ស្រណោះ ជា​អ្នក​តំណាង​ឲ្យ​សិល្បករ​កម្ពុជា​ចូលរួម​កម្មវិធី ROUND FESTIVAL នៅ​ឥណ្ឌូណេស៊ី។

យ៉ាងណាមិញតាមការប្រកាសជាសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក តារាចម្រៀងស្រីរូបនេះបានរៀបរាប់ចំពោះការសម្ដែងនៅឆ្នាំនេះថា ៖ «អរគុណមនុស្សជាទីស្រលាញ់ទាំងអស់គ្នាដែលរួមដំណើរមកជាមួយកញ្ចនាច្រើនឆ្នាំកន្លងមកនេះ។ ពីក្មេងស្រីសាមញ្ញម្នាក់ វិវត្តន៍ខ្លួន ក្លាយជាមនុស្សស្រីដ៏រឹងមាំម្នាក់ ក៏មានចំណែកអ្នកទាំងអស់គ្នាចូលរួមដែរ ។ មួយជំហានបន្ទាប់នេះ កញ្ចនារបស់អ្នកបានឈានដល់ឆាកអន្តរជាតិហើយ គឺ Round Festival នៅ ប៊ូសានសាធារណរដ្ឋកូរ៉េ។ »

ជាមួយការបោះជំហ៊ានទៅសម្ដែង និងច្រៀងនៅលើឆាកអន្តរជាតិ កញ្ញា ចិត្ត កញ្ចនា ក៏មានចំណងដៃជូនហ្វេនជាលក្ខណៈការសម្ដែងមុនចេញទៅ ដោយកញ្ញារៀបរាប់ថា ៖ «កញ្ចនា សូមអញ្ជើញអ្នកទាំងអស់គ្នា មកចូលរួមការប្រគំតន្រ្តី “ Exclusive Round Festival Pre-show “ ដែលពួកយើងបានរៀបចំឡើង ដើម្បីយកទៅសម្តែងនៅ Round Festival, យកមកសម្តែងជូនបងប្អូនជនរួមជាតិឲ្យបានទស្សនាមុនគេ។ ថ្ងៃ30th មិថុនា 2024 , The Arena Phnom Penh ( Factory PhnomPenh)»។

សូមជម្រាបថា សំបុត្រចូលរួមទស្សនាការសម្ដែង Exclusive Round Festival Pre-show របស់តារាចម្រៀង ចិត្ត កញ្ចនា គឺឥតគិតថ្លៃ និងមានការកំណត់ចំនួនចូលរួម ដោយចុះឈ្មោះ និងស្វែងរកសំបុត្រតាមរយៈលីងនេះ ៖ https://live.wonderpass.asia/event/exclusive_round_festival

គួររំលឹកដែរថា ប្រឡូកសិល្បៈមកជិត ១០ ឆ្នាំនេះ កញ្ញា ចិត្ត កញ្ចនា បានតស៊ូពីបាតដៃទទេ ដោយផ្ដើមឈ្មោះជាតារាចម្រៀង Original Song រហូតក្លាយជាខ្លួនជាម្ចាស់ផលិតកម្មឈ្មោះ រណ្តំ ដើម្បីផលិតបទចម្រៀងពីរោះៗតាមចក្ខុវិស័យផ្ទាល់ខ្លួន និងជាការចូលរួមជំរុញការប្រមូលផ្ដុំ និងផលិតធនធានសិល្បករវ័យក្មេងជំនាន់ក្រោយឱ្យកាន់តែសម្បូរថែមទៀត៕

Share.