សិល្បៈជាតិ៖ បន្ទាប់ពីផ្ទុះការវែកញែកមួយប្រ៉ាវនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលបង្ហាញថា ការគាំទ្រថមថយចំពោះភាពយន្តខ្មែរនាពេលបច្ចុប្បន្ននេះ គឺដោយសារអ្នកទស្សនានាំគ្នាត្អូញត្អែរនិងរិះគន់ថា ពួកគេត្រលាន់ចំពោះការបញ្ចូលសំលេង ហើយចង់បានសំឡេងតួសម្ដែងដើមក្នុងភាពយន្ត។ ប៉ុន្តែកត្តានេះ ត្រូវបានអ្នកជំនាញនិយាយថា តួឯកកំបាំងមុខក្នុងវិស័យកុនខ្មែរធ្វើឱ្យអ្នកទស្សនាលង់សំឡេង កំពុងប្រឈមនឹងបាត់បង់អាជីពបណ្ដើរៗ។

ជាក់ស្ដែង តាមរយៈគណនីហ្វេសប៊ុកផេក ឧស្សាហកម្មភាពយន្តខ្មែរ ដែលស្គាល់នឹងដឹងថា ក្រោមការបង្ហោះរបស់អ្នកនិពន្ធ យូ សុភា បានបង្ហោះឡើងបែបនេះ ៖ «អាណិតអ្នកគ្រូ តូច យ៉ានី ណាស់ អ្នកបញ្ចូលសម្លេងតួឯកដ៏មានប្រជាប្រិយបំផុតនៅក្នុងប្រទេសកម្ពុជា ដែលអ្នកនិយមតាមដានរឿងចិន កូរ៉េបានស្គាល់ច្បាស់ថា ជាអ្នកបញ្ចូលសម្លេងតួឯកស្រីឈ្មោះ សាន់ឆាយ ក្នុង រឿងF4 ដ៏ល្បីល្បាញ។ អ្នកគ្រូបានបង្ហាញនូវការតូចចិត្តថា សព្វថ្ងៃនេះគេនាំគ្នាបំភ្លេចអ្នកបញ្ចូលសម្លេងហើយ ក្រុមខ្លះលែងមានការងារធ្វើ និងក្រុមខ្លះប្រឈមមុខនឹងការបោះបង់។»

លោកបន្តថា «ខ្ញុំពិតជាសោកស្តាយ និងសូមអរគុណដែលអ្នកគ្រូបានបញ្ចូលសម្លេងនៅក្នុងភាពយន្តមួយចំនួនដែលខ្ញុំបាននិពន្ធកន្លងមកប្រកបដោយការប្រឹងប្រែងក្នុងបំណងដើម្បីបម្រើអារម្មណ៍ទស្សនិកជនទៅតាមទេពកោសល្យរបស់អ្នកគ្រូ និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យភាពយន្តភាគខ្មែរយើងឲ្យទទួលបាននូវភាពរីកចម្រើន។ ខ្ញុំសូមជូនពរអ្នកគ្រូ និងក្រុមការងារនៅតែមានទីផ្សារការងារល្អបន្តទៅទៀត។»។

ជាមួយគ្នានោះ អ្នកលេងបណ្ដាញសង្គមម្នាក់ក៏បានចូលរួមបញ្ចេញជាមតិដែរថា ៖ «ពេញចិត្តហើយរឺនៅអ្នកដែលចង់បានសំលេងពិត រឿងខ្លះដល់ពេលតួរនិយាយឆ្គងៗ នាំគ្នារិះគន់ណាស់ ចង់ឱ្យអ្នករិះគន់និងជួយចិញ្ចឹមពួកគាត់ផង រឿងដុំខ្ញុំគាំទ្រប្រើសំលេងពិតតែបើរឿងភាគគួរតែបញ្ចូលសំឡេង ណា៎មួយគាត់បញ្ចូលសំឡេងនៅហង្សមាស តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទូរទស្សន៍ហង្សមាសលែងសូវយករឿង ភាគបរទេសមកចាក់ផ្សាយណាស់ជាពិសេសរឿង កូរ៉េនិងរឿងចិន» ។

មែនទែនទៅ ការលើកឡើងខាងលើនេះ​គ្រប់គ្នាមើលឃើញថា អ្នកនិពន្ធ យូ សុភាព គ្រាន់តែចង់ក្រើនរំលឹកជាគតិសម្រាប់ឱ្យមហាជនពិចារណាទៅលើសមត្ថភាព និងធនធានកម្រដែលមានវ័យចំណាស់របស់អាជីពអ្នកបញ្ចូលសំឡេង ដែលសព្វថ្ងៃអាជីពមួយនេះកំពុងប្រឈមនឹងត្រូវបាត់បង់វិញ ស្របពេលដែលសម័យកាលមានការផ្លាស់ប្ដូរ ហើយចិត្តមនុស្សម្នាក់ៗក៏កាន់តែមានរសនិយមផ្សេងៗទៀតផង។

គួររំលឹកដែរថា អ្នកគ្រូ តូច យ៉ានី មានវ័យ ៦០ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង សំឡេងអ្នកគ្រូត្រូវបានមហាជនអ្នកគាំទ្រចងចាំច្បាស់ជាងគេជាតួអង្គនាង សាន់ឆាយ ក្នុងរឿង F4 និងតួអង្គជាច្រើនទៀតក្នុងរឿងផ្សេងៗជាច្រើនទៀត ។ អ្នកគ្រូមានបទពិសោធន៍បញ្ជូលសំឡេងនេះរយៈពេលជិត ៤០ ឆ្នាំហើយ ដោយមានសមត្ថភាពបញ្ចូលសំឡេងបានច្រើនតួអង្គរដូចជា សំឡេងតួឯកស្រី សំឡេងតួរង សំឡេងតួអង្គយាយ សំឡេងតួអង្គម្តាយ និង សំឡេងតួអង្គកូនក្មេង ។

សព្វថ្ងៃនេះ អ្នកស្រី តូច យ៉ានី ដែលកំពុងបម្រើការក្នុងស្ថានីយទូរទស្សន៍ហង្សមាស ទៅលើជំនាញបញ្ចូលសំឡេងភាពយន្តបរទេស និងខ្មែរ ដែលការងារនេះមិនមែនជាការងាយស្រួលក្នុងការធ្វើត្រាប់តាមមាត់តួនោះទេ គឺទាមទារឱ្យមានសមត្ថភាពខ្ពស់ទៅការដាក់អារម្មណ៍និយាយបញ្ចូលយ៉ាងណាឱ្យត្រូវរត់មាត់ មើលអក្សរ និងមាត់តួអង្គ ដើម្បីធ្វើយ៉ាងណាឱ្យសម ត្រូវគ្នា ព្រោះថា អ្នកអាជីពបញ្ចូលសំឡេងត្រូវបានចាត់ទុកជាតារាកំបាំងមុខមួយរូបដែលបានធ្វើឱ្យអ្នកទស្សនាលងស្នេហ៍នឹងសំឡេង បើកម្សត់ត្រូវឱ្យអ្នកមើលស្រក់ទឹកភ្នែកតាម បើកាចត្រូវកាច បើឆ្កួតត្រូវឆ្កួតឱ្យដល់ជាដើម៕

Share.