ក្រុមជម្រើសជាតិអ៊ីតាលី ក្រោមការដឹកនាំរបស់លោក Luciano Spalletti បានស្មើគ្នា ១-១ ជាមួយ​ក្រុម​ជម្រើសជាតិក្រូអាត នៅកីឡដ្ឋាន Leipzig Stadium កាលពីរាត្រីថ្ងៃទី២៤ ឈាន​ចូល​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ពូល B នៃព្រឹត្តិការណ៍ UEFA Euro 2024។

ដូច្នេះក្រុមជម្រើសជាតិអ៊ីតាលី ក្លាយជាប្រទេសទី៥ បន្ទាប់ពីម្ចាស់ផ្ទះអាល្លឺម៉ង់, អេស្ប៉ាញ ,ព័រទុយហ្គាល់ និងស្វីស កក់កៅអីវគ្គ ១៦ក្រុមចុងក្រោយ ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់១ ខាងក្រោមនេះគឺលទ្ធផល៖
អ៊ីតាលី ២-១ អាល់បានី
អេស្ប៉ាញ ១-០ អ៊ីតាលី
អ៊ីតាលី ១-១ ក្រូអាត

តារាងចំណាត់ថ្នាក់ពូល A បណ្តោះអាសន្ន៖

  1. អេស្ប៉ាញ ឈ្នះ៣ប្រកួត មាន ៩ពិន្ទុ
  2. ​អ៊ីតាលី ឈ្នះ១ ស្មើ១ ចាញ់១ មាន ៤ពិន្ទុ
  3. ក្រូអាត ចាញ់១ ស្មើ២ មាន ២ពិន្ទុ
  4. អាល់បានី ចាញ់១ ស្មើ២ មាន ១ពិន្ទុ។

ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទ នឹងដំណើរការប្រកួតចាប់ពីនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រើប្រាស់កីឡដ្ឋានចំនួន ១០ នៅក្នុងទីក្រុងចំនួន ១០ ផ្សេងគ្នា សរុបចំនួន ៥១ ប្រកួតរបស់ក្រុមដែលចូលរួមទាំង ២៤។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.