សម្ដេចធិបតី ហ៊ុន ម៉ាណែត ​អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​អយ្យការ យកចិត្តទុកដាក់​ក្នុង​ការ​ពិនិត្យ និង​អនុវត្ត​ច្បាប់​លើ​ករណី​នេះ ឱ្យ​បាន​ម៉ត់ចត់​, ឱ្យ​បាន​តឹងរ៉ឹង និង​ម៉ឺងម៉ាត់ និង​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ជា​ធរមាន ដើម្បី​ស្វែង​រក​យុត្តិធម៌ ជូន​ជនរងគ្រោះ និង​ក្រុម​គ្រួសារ ដោយ​គ្មាន​ការ​អន្តរាគមន៍​ណា​មួយ​ជា​ដាច់​ខាត។

​មហាជនកំពុង​ផ្ទុះ​ការ​វែកញែក​នៅ​លើ​បណ្ដាញ​សង្គម លើ​រឿង​ឃាតកម្ម​បាញ់​សម្លាប់​គូ​ដណ្ដឹង​មួយ​គូ​នៅ​បុរី​ប៉េងហួត​បឹង​ស្នោ ដែល​មាន​ចរិត​លក្ខណៈ​សាហាវ​ឃោរឃៅ ដោយ​អ្នក​ខ្លះ​បង្ហាញ​នូវ​ការ​មិន​ទុក​ចិត្ត​លើ​ការ​អនុវត្តិ​ច្បាប់ ដែល​អាច​នាំ​ឲ្យ​ឃាតក​រួច​ពី​ការ​ឃុំឃាំង អ្នក​ខ្លះ​ទៀត​បង្ហាញ​នូវ​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​ចោទ​ប្រកាន់​ពី​ស្ថាប័ន​អយ្យការ​ទៅ​លើ​បទ​ល្មើស​ថា​ស្ថាន​ទោស​ទណ្ឌ​មិន​សម​នឹង​ចរិត​លក្ខណៈ​ឃោរឃៅ​របស់​ឃាតក ចំណែក​អ្នក​ខ្លះ​ទៀត​បាន​ប្រៀបធៀប​អំពី​កម្រិត​ជីវភាព​ឃាតក ទៅ​នឹង​ជនល្មើស​នៃ​បទ​ឃាតកម្ម​ផ្សេងៗ​ទៀត​ថា មាន​ភាព​លម្អៀង ដោយ​អ្នក​មាន​ទ្រព្យ និង​អំណាច បុណ្យស័ក្ដិ ឬ​ងារ​ជា​ឧកញ៉ា​ជា​ដើម តែង​មិន​ត្រូវ​បាន​ចាប់​ចង​ដូច ជន​សាមញ្ញ បើ​ទោះបី​ចរិត​លក្ខណៈ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​វា​កាច​សាហាវ​យ៉ាង​ណា​ក៏​ដោយ ពោល​គឺ​ច្បាប់​អនុវត្ត​តឹងរ៉ឹង​ចំពោះ​តែ​ជន​សាមញ្ញ​ប៉ុណ្ណោះ​។

រឿង​ចេះ​តែ វែង​ឆ្ងាយ​កកាយ​គាស់​រំលើង​នូវ​បទល្មើស​ចាស់ៗ​ពី​មុន ដែល​វា​ស្ទើរ​តែ​សាបរលាប​ពី​ខួរក្បាល​មហាជន​ទៅ​ហើយ ដូចជា​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​អំឡុង​ឆ្នាំ ២០២៣ បង្ក​ឡើង​ដោយ​ក្រុម​កូន​ចៅ​អ្នក​មាន និង​អ្នក​មាន​បុណ្យ​សក្ដិ ទ្រព្យសម្បត្តិ ព្រមទាំង​ករណី​ជនជាតិ​ចិន​អ្នក​មាន​លុយ​មក​រក​ស៊ី​ស្រុក​ខ្មែរ​ផង​នោះ ដោយ​មាន​អ្នក​ខ្លះ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក ឯ​អ្នក​ខ្លះ​ទៀត​ព្រម​ធ្វើ​ជា​មនុស្ស​ឆ្កួត​ដើម្បី​គេច​ពី​ទោស​ទណ្ឌ ដែល​ករណី​ទាំង​នេះ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស​យ៉ាង​អាណោចអាធ័ម ត្រូវ​បាន​គេ​សង្ស័យ និង​បង្ហាញ​រូប​ភាព​ពាសពេញ​លើ​បណ្ដាញ​សង្គម​ថា មិន​ត្រូវ​បាន​ជាប់​ពន្ធនាគារ​តាម​បញ្ញត្តិ​តុលាការ​ឡើយ ហើយ​មាន​អ្នក​ខ្លះ​ទៀត​គេ​សង្ស័យ​ថា បាន​ជម្លៀស​ទៅ​ក្រៅ​ប្រទេស​ទៀត​ផង​។

គួប​ផ្សំ​ជា​មួយ​គ្នា​នេះ​ដែរ ក៏​មាន​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន ឆ្លៀត​អុចអាល​ដើម្បី​កេង​ចំណេញ Like និង Share លើ​បណ្ដាញ​សង្គម ដោយ​បាន​បន្លំ​ខ្លឹមសារ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ប្រតិស្ឋ​ព័ត៌មាន​ក្លែងក្លាយ ធ្វើ​ឲ្យ​មាន​ការ​ភាន់ច្រឡំ បង្ក​ឲ្យ​បរិយាកាស​លើ​បណ្ដាញ​សង្គម​មាន​សភាព​អួអាប់​វ៉ល់វ៉ក់​យ៉ាង​ខ្លាំង​។

ដើម្បី​ជា​ទម្ងន់​នៃ​ទំនុក​ចិត្ត និង​ការ​ជឿជាក់​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​រំលត់​នូវ​មន្ទិល​សង្កា​មហាជន សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ចេញ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​ឃ្លា​ដំបូង​គឺ ចូលរួម​រំលែក​ទុក​ដល់​គ្រួសារ​សព​ជន​រងគ្រោះ​ទាំង​គូ «​ជា​ដំបូង ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជា​មួយ​គ្រួសារ​នៃ​សព​ប្អូន ទ្បុង លីសុង និង​ប្អូន ឃីន កញ្ចនា ដែល​បាន​ស្លាប់​ដោយសារ​ការ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ​»​

សម្ដេច​ក៏​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ជជែក​វែកញែក​គ្នា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាត់ទោស​ជនល្មើស​នៅ​ក្នុង​ករណី​នៃ​ការ​បាញ់​ប្រហារ​នេះ ដោយ​មាន​ការ​បង្ហាញ​ក្ដី​កង្វល់ និង​បារម្ភ ខ្លាច​ជនល្មើស​ពុំ​ត្រូវ​បាន​ផ្ដន្ទា​ទោស​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​ផ្លូវច្បាប់ ឬ​អាច​មាន​ការ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មិន​ប្រក្រតី​។

សម្ដេច​ធិបតី​អះអាង​ថា កន្លង​ទៅ ក៏​មាន​ការ​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង និង​បង្ក​ឱ្យ​បាត់បង់​អាយុជីវិត​អ្នក​ដទៃ ដោយ​បាន​អនុវត្ត​ច្បាប់ គ្មាន​ការ​យោគយល់ គ្មាន​ការ​លើក​លែង ឬ​អន្តរាគមន៍​ណា​មួយ​ទ្បើយ​។

សម្ដេច​សង្កត់​ធ្ងន់​ថា «​ដូច​គ្នា​នេះ​ដែរ ចំពោះ​ករណី​ឃាតកម្ម​នេះ បើ​ទោះបី​ជា​រាជរដ្ឋាភិបាល មិន​អាច​លូកដៃ​ចូល​ក្នុង​កិច្ចការ​របស់​ស្ថាប័ន​តុលាការ​ក៏​ដោយ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​អយ្យការ យកចិត្តទុកដាក់​ក្នុង​ការ​ពិនិត្យ និង​អនុវត្ត​ច្បាប់​លើ​ករណី​នេះ ឱ្យ​បាន​ម៉ត់ចត់​, ឱ្យ​បាន​តឹងរ៉ឹង និង​ម៉ឺងម៉ាត់ និង​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ជា​ធរមាន ដើម្បី​ស្វែង​រក​យុត្តិធម៌ ជូន​ជនរងគ្រោះ និង​ក្រុម​គ្រួសារ ដោយ​គ្មាន​ការ​អន្តរាគមន៍​ណា​មួយ​ជា​ដាច់​ខាត​»​

ជា​មួយ​គ្នា​នេះ​នាយករដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា «​ខ្ញុំ​សូម​អរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ដែល​បាន​បង្ហាញ​នូវ​សុទ្ធចិត្ត​វែកញែក​ក្នុង​រឿង​នេះ ហើយ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ដើម្បី​ទុក​កិច្ចការ​នេះ​ជូន​ស្ថាប័ន​អនុវត្ត​ច្បាប់ ដែល​មាន​សមត្ថកិច្ច ដើម្បី​ចាត់ការ និង​ដោះស្រាយ​ករណី​នេះ ឱ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌ ទៅ​តាម​នីតិវិធី និង​ច្បាប់​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ខ្ញុំ​ក៏​សូម​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ជឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ក្នុង​ការ​ចាត់ការ និង ដោះស្រាយ​ផ្ដល់​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ករណី​នេះ​»​។

សម្ដេច​ធិបតី​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​រូប​លោក បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជា​អាទិភាព​មួយ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ ពិសេស ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ធានា​ថែ​រក្សា​សន្តិសុខ​សាធារណៈ និង សណ្ដាប់ធ្នាប់​សង្គម ក៏​ដូចជា ការ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​សង្គម ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង យុត្តិធម៌ ស្របតាម​ច្បាប់​ជា​ធរមាន ដែល​ក្នុង​នោះ ក៏​រួម​មាន​ការ​ពង្រឹង​ទំនួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​របស់​ជន​ល្មើស និង​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង លើ​ជន​ប្រព្រឹត្ត​បទល្មើស ជា​ពិសេស​ជន​ដែល​បង្ក​ឱ្យ​បាត់បង់​អាយុជីវិត​អ្នក​ដទៃ។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.