​សិល្បៈជាតិ៖ តាមរយៈរូបភាពជាច្រើនដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះគឺស្ដែងឱ្យឃើញថា ឈុតមន្រ្តីថ្នាក់កំពូលសម័យកណ្តាលក្នុងសង្គមខ្មែរដែលរចនាម៉ូដកន្ទុយហង្សត្រួតលើលំផក និង មានរំលេចរំញ័រផ្កាអមដោយសិល្បៈក្បាច់ខ្មែរដំឡើងយ៉ាងប្រណិតនោះ គឺគ្រងបង្ហាញដោយ តារាបង្ហាញម៉ូដ ខេង ម៉េងហួត

តាមការរៀបរាប់លម្អិតអំពីឈុតមួយនេះបានឱ្យដឹងថា ឈុតនេះគឺធ្វើឡើងពីការបញ្ចូលគ្នានៃបេតិកភណ្ឌ និងសំលៀក​បំពាក់​បែបបុរាណបង្ហាញពីភាពអស្ចារ្យមិនចេះចប់នៅក្នុងសម្លៀកបំពាក់ «បរមងារជាសម្ដេចឬក៏ជាអ្នកអង្គម្ចាស់» ដែលរចនាដោយ De PAGE Studio ។

ចំណុចសំខាន់មួយទៀតនោះ សម្លៀកបំពាក់នេះ​គឺមានអាវស្បៃផាយ២ជាន់ អាវកត្រង់ តកែងដៃ និងបានប្រើប្រាស់​សំពត់ហូរដែលតុបតែងដោយគំនូរខ្មែរដ៏ប្រទាក់ក្រឡាគ្នាដែលរំឮកដល់កេរដំណែលវប្បធម៌របស់បុព្វបុរសខ្មែរ។ ឈុតនជត្រូវបានគេស្គាល់ថា ជាសម្លៀកបំពាក់ព្រះរាជទ្រព្យ ច្នៃឡើងមិនត្រឹមតែផ្ដោតលើក្បួនខ្នាតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកនៃលើកកំពស់ភាពឆើតឆាយក្នុងសិល្បៈសហសម័យថែមទៀតផង។

សូមជម្រាបថា តាមរយៈសិល្បៈហត្ថកម្មដ៏ប៉ិនប្រសប់ និងការរចនាប្រកបដោយភាពច្នៃប្រឌិតនេះ អ្នកច្នៃម៉ូដ សូឃូល និងតារាបង្ហាញម៉ូដ ខេង ម៉េងហួត រំពឹងថា វានឹងក្លាយជារួមចំណែកជ្រុងមួយតូចដែលអាចលើកតំលៃនៃសិល្បៈខ្មែរ ដែលគ្រប់គ្នាដឹងហើយថា សិល្បៈខ្មែរគឺមានមូលដ្ឋាន និងទម្រងសិល្បៈបង្កើតច្រើនខ្លាំងណាស់៕

Share.