ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងការចោទប្រកាន់ជនបរទេសចំនួន៥នាក់ ពីបទ ជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទសម្អាតប្រាក់ តាមមាត្រា៤០ មាត្រា៤៥ មាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្ត តាមនីតិវិធី។

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី បានសហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀនខាងលើ ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិតៃវ៉ាន់ម្នាក់ឈ្មោះ ហ្វាន យានគួយ ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុចក្នុងបុរីមួយកន្លែង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនចំនួន ៣ដុំ ស្មើនឹង៣គីឡូក្រាម។

បន្ទាប់មកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤ ៖១០នាទី កម្លាំងបន្តស្រាវជ្រាវ បង្ក្រាបបានបក្ខពួកជនសង្ស័យចំនួន ៤នាក់បន្ថែមទៀត ជនជាតិតៃវ៉ាន់៣នាក់ និងជនជាតិជប៉ុន១នាក់ នៅចំណុចបុរីអ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទី០១ឈ្មោះ FAN YUAN KUEI (ហ្វាន យានគួយ) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ២.ឈ្មោះ FANG CHENG JUN (ហ្វាង និងជីន) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ៣.ឈ្មោះ HSU CHENG HAO (ស៊ូ ឈិនហៅ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ៤.ឈ្មោះ HUANG HEJIAN (ហឹង ហឺជៀន) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន និង៥.ឈ្មោះ NOMORA SOKICHI (ណូម៉ូរាំ សួគ៌ជី) ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិជប៉ុន។

កម្លាំងជំនាញបានឆែកឆេរទីតាំងស្នាក់នៅ និងទីតាំងស្តុកគ្រឿងញៀន របស់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ខាងលើចំនួន ៣ទីតាំងផ្សេងគ្នា ជាលទ្ធផលរកឃើញ៖ ថ្នាំញៀនប្រភេទកេតាមីនចំនួន១៤២ដុំ ស្មើនឹង១៤២គីឡូក្រាម, ម្សៅសារធាតុផ្សំគ្រឿងញៀនចំនួន២គីឡូក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣, ឧបករណ៍សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងសំបកកញ្ចប់ថង់រូបតែសម្រាប់ច្រកថ្នាំញៀន (ខ្នាត១គីឡូក្រាម) ចំនួន ២០០កញ្ចប់។ សរុបលទ្ធផលប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់៤នាក់ និងជនជាតិជប៉ុន១នាក់ ដកហូតថ្នាំញៀនប្រភេទកេតាមីនសរុបទម្ងន់ ១៤៥គីឡូក្រាម៕

អត្ថបទ៖ ចតុមុខ

Share.