សិល្បៈជាតិ៖ កញ្ញា ឆន ស្រីណេត ដែលគ្រប់គ្នាស្គាល់ថាជាស្ត្រីកម្ពុជាក្រោមដំបូងគេក្នុងវិស័យប្រកួតសម្រស់នៅកម្ពុជា ធ្លាប់ទទួលបានតំណែង 1st Runner up Miss Universe Cambodia 2021 ពេលនេះកញ្ញបានចូលរួមប្រកួតជាថ្មីម្ដងទៀតនៅក្នុងកម្មវិធី MUC 2024 ហើយត្រូវបានប្រដូចជា មយូរ៉ា ក្រោមការរៀបចំឡើងដោយលោក ឈួង យីវឆូយ ជា National Diretor។

នារីខ្មែរកម្ពុជាក្រោមរូបនេះ តែងតែបង្ហាញពីឆន្ទៈលើកទឹកចិត្តស្ត្រីដល់ទូទៅ ជាពិសេសស្ត្រីខ្មែរនៅលើទឹកដីកម្ពុជាក្រោម ឱ្យខំព្យាយាមសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ សិក្សាថែរក្សាអក្សរជាតិខ្មែរ ប្រពៃណីខ្មែរ ក្លាហានចេញមកឈ្វេងយល់ពីពិភពលោកខាងក្រៅ។ ត្បិតថា ស្រីណេត រៀនមិនបានខ្ពស់ដូចគេ ប៉ុន្តែនាងអាចនិយាយបាន៤ភាសា គឺភាសាខ្មែរ វៀតណាម ថៃ និងអង់គ្លេស។

សម្រាប់បទពិសោធន៍លើវិស័យបវរកញ្ញា ក្រោយមានតំណែងក្នុងចក្រវាលស្រីស្អាតត្រឹមលំដាប់រងទី ១ ហើយនោះ ស្រីណេត ក៏ទទួលបានឱកាសតំណាងឱ្យប្រទេសកម្ពុជាចូលរួមការប្រកួតកម្មវិធី Miss Tourism International 2022 លើកទី២៥ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ។ ក្រៅពីមានឈ្មោះជាបវរកញ្ញា ស្រីណេត ក៏មានអាជីពជាតារាម៉ូដែល និងសម្ដែង។

សូមជម្រាបថា មក MUC 2024 លើកនេះ ស្រីណេត ត្រូវបានប្រកាសជាផ្លូវការរបស់ Miss Universe 2024 នូវបេក្ខភាពទី ២ ក្នុងចំណោម Top 5 និងបានរៀបរាប់ពីកញ្ញា ឆន ស្រីណេត ថា ៖ « ស្រីណេតត្រូវបានគេភាគច្រើនស្គាល់ថាជាកញ្ញាឯកចក្កវាឡ លំដាប់រងទី១ ឆ្នាំ២០២១ ប៉ុន្តែមានមនុស្សមិនច្រើនទេដែលស្គាល់នាងជាអ្នករស់រានពីជំងឺមហារីក។ រយៈពេល៤ឆ្នាំ ដែលស្រីណេតត្រូវតស៊ូប្រយុទ្ធនឹងជំងឺនេះ នាងស្ទើរតែបោះបង់អ្វីៗគ្រប់យ៉ាង សូម្បីតែខ្លួនឯង។ ការប្រឹងប្រែង និងភាពរឹងមាំរបស់នារីខ្មែរកម្ពុជាក្រោមរូបនេះអាចជំនះឧបសគ្គជីវិតដ៏ធំនេះបាន ហើយបណ្តែតខ្លួនយ៉ាងខ្ពស់ត្រដែតនៅក្នុងចក្កវាឡ ប្រៀបដូចជាមយូរ៉ា (Phoenix)។ ស្រីណេតសក្ដិសមជាស្ត្រីគម្រូ នៃសាច់រឿងនៃការផ្លាស់ប្ដូរ (Story of Change)!»។

Share.