សិល្បៈជាតិ៖ តាមការផ្ដល់ដំណឹងពីអ្នកគ្រូ ប៉ុល ពិសី ដែលជាអ្នកនិពន្ធល្បីឈ្មោះមួយរូបបានឱ្យដឹងថា ព័ត៌មានបឋមដែលទទួលបាននាពេលនេះ គឺគរុវិជ្ជាចារ្យកវី វ៉ែន សុន ដាច់សរសៃឈាមខួរក្បាល កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត។

អ្នកគ្រូ ប៉ុល ពិសី បានបង្ហោះជាសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ «គរុវិជ្ជាចារ្យកវី វ៉ែន សុន ចូលបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតហើយកាលពីថ្ងៃអង្គារទី២៥ មិថុនា ២០២៤ ម្សិលមិញនេះ។ ព័ត៌មានបឋមដែលទទួលបានគឺ ដាច់សរសៃឈាមខួរក្បាល មិនទាន់ដឹងខ្លួនទេ។ ប្រណម្យបន់ស្រន់សុំគរុវិជ្ជាចារ្យឆាប់បានជាសះស្បើយក្នុងពេលឆាប់ៗនេះ ។ »

គួររំលឹកថា គរុវិជ្ជាចារ្យកវី វ៉ែន សុន កាលពី ២ឆ្នាំមុន លោកធ្លាប់វះកាត់ពោះវៀនដុះខ្នែង ហើយក៏ធ្លាក់ខ្លួនឈឺធ្ងន់ ព្រមទាំងខ្សោយការចងចាំ សព្វថ្ងៃលោកមានវ័យ ៨៥ ឆ្នាំហើយ។

គរុវិជ្ជាចារ្យកវី វ៉ែន សុន លោកជាសាស្ត្រាចារ្យមួយរូបផ្នែកនិពន្ធ​អក្សរសិល្ប៍​ផ្នែក​កំណាព្យ និងបណ្ដុះបណ្ដាលនៅសមាគមអ្នកនិពន្ធខ្មែរ លោកមាន​បង្កើត​ស្នាដៃ​ជាច្រើន​ទៀតដែលបន្សល់ទុកដូចជា កំណាព្យ​អប់រំ ប្រលោមលោក រឿង​ខ្លី​អម​ដោយ​រូបភាព​សម្រាប់​កុមារ​ ហើយលោក​ធ្លាប់បាននិពន្ធ​បទភ្លេង និង​ទំនុក​ច្រៀង​ឱ្យផលិតកម្ម​ល្បីៗផងដែរ៕

Share.