អ្នក​លេង​គុន​ខ្មែរ ឈឿង ល្វៃ បាន​ក្លាយ​ជា​ម្ចាស់​​​ខ្សែ​រក្រវ៉ាត់ I-1 Supreme Champion នៅ​លើទឹក​ដីហុងកុង ប្រទេស​ចិន ក្រោយ​យក​ឈ្នះ កីឡាករ Luca Lonmbardo សញ្ជាតិអ៊ីតាលី ដោយ​ពិន្ទុ នៅក្នុង​ការ​ប្រកួ​កម្មវិធីលំដាប់ពិភពលោក I-1 World Muay Thai Competition 2024 កាលពី​រាត្រី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

ក្នុង​ការ​ចូល​រួមបង្ហាញ​ទង់ជាតិកម្ពុជា ក៏​ដូច​ជាគុន​ខ្មែរ​នៅ​លើ​ទឹក​ដី​ហុងកុង​នេះ ក៏​ជា​លើក​ទី២ ហើយ​របស់​អ្នក​លេង​គុន​ខ្មែរ ឈឿង ល្វៃ ដែល​ដណ្ដើម​បាន​ខ្សែរក្រវ៉ាត់ ដោយ​លើកទី១ បាន​ក្លាយ​ជា​ម្ចាស់​​​ខ្សែ​ក្រវាត់​ម៉ាតុង​កម្រិត​ពិភពលោក World Super-4 Championship បន្ទាប់​ពី​បាន​យក​ឈ្នះ​ដៃ​គូ​២​នាក់​ជាប់​គ្នា​ ទី១​ ផ្តួល​កីឡាករ​ថៃ Fahsang ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ឈ្នះកីឡាករ​អាល្លឺម៉ង់​ Elysee Kochiese នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ទី​ក្រុង​ហុងកុង ប្រទេស​ចិន។

ទទួល​បាន​ជា​ខ្សែ​ក្រវាត់​ទី២ លើក​នេះ ​​អ្នក​លេង​គុន​ខ្មែរ​ ​ ឈឿង ល្វៃ គឺជាការឈ្នះ​នៅ​ក្រៅ​ប្រទេស ហើយ​ក៏​ជា​កីឡាករ​គុន​ខ្មែរ​ទី១​ ដែលបាន​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​លើ​ទឹក​ដី​ហុង​កុង ប្រទេស​ចិន ២ដង​ផង​ដែរ។​

គួរ​បញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍ I-1 World Muay Thai Festival 2024 មាន​ការ​ចូល​រួម​ពី​បណ្ដាល​ប្រទេស​ជា​ច្រើន​មក​ពី​ជុំ​វិញ​ពិភពលោក រួម​មាន៖ ហុងកុង ចិន អ៊ីតាលី អូស្រ្តាលី ទុយនេស៊ី ម៉ារ៉ុក លីប៊ី ន័រវែស យេមែន អ៊ីរ៉ង់ ប្រេស៊ីល អាហ្សង់ទីន ម៉ុងហ្គោលី ជប៉ុន ម៉ាឡេស៊ី ថៃ កម្ពុជា ភីលីពីន ដែល​បាន​រៀបចំឡើង​នៅ ​លើទឹក​ដីហុងកុង ប្រទេស​ចិន នាយប់​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤៕

Share.