ក្នុង​ជំនួប​សរុប​ទាំង២ជើង​ ដែលព្រះ​ខ័ន​រាជស្វាយរៀង យក​ឈ្នះ​ភ្នំពេញ​ក្រោន នៃពានរង្វាន់លំដាប់​ទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាលឆ្នាំ២០២៥-២៦ មាន​គ្រាប់កើតឡើង​សរុប៨គ្រាប់ ក្រោយបញ្ចប់​ក្នុង​ពហុកីឡដ្ឋានជាតិ នារាត្រី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

នៅ​ជើង​ទី១ ព្រះខ័នរាជស្វាយរៀង បាន​យក​ឈ្នះ​​ភ្នំពេញក្រោន ដោយ​លទ្ធផល ៤ទល់​និង​១ វគ្គ៨ក្រុមចុងក្រោយ នៃ​ពានរង្វាន់លំដាប់ទី៣ប្រចាំទ្វីប ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រជាង ២ម៉ឺន​នាក់ នាពហុកីឡដ្ឋាន​ជាតិ​រាជធានីភ្នំពេញ កាល​ពីរាត្រីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

ឈាន​ដល់ើ​ជើង​ទី២ ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រជាង ១ ម៉ឺន ២ពាន់ ព្រះ​ខ័ន​រាជស្វាយរៀង បន្តយក​ឈ្នះ​ដោយ​ស៊ុត​បញ្ចូល​ទី ២គ្រាប់ របូត​ ១គ្រាប់​វិញ ដូច​នេះ​សរុប​លទ្ធផល​ទាំង២ជើង នៅវគ្គ៨ក្រុម ស្វាយរៀង ៦ ​ភ្នំពេញ​ក្រោន ២ ផ្ដល់ឱកាសឱ្យព្រះខ័នរាជស្វាយរៀង ឡើងទៅកាន់​វគ្គ៤ក្រុម​។

យ៉ាង​ណាវិញ សម្រាប់​គូ​ប្រកួត​របស់​ព្រះខ័នរាជស្វាយរៀង នៅវគ្គ៤ក្រុម រវាង​ Dewa United ឥណ្ឌូណេស៊ី និង Manila Digger របស់​ហ្វីលីពីន នៅ​មិន​ទាន់​បញ្ចប់​ការប្រកួត​ជើងទី២ឡើង ខណ:ជើងទី១ កន្លង​ទៅ Manila យក​ឈ្នះ Dewa ក្នុង​លទ្ធផល ១-០ កាល​ទីថ្ងៃទី៥ មីនា ២០២៦។

ការប្រកួតវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទីបអាស៊ីនេះ គឺបាន​ដំណើរ​ការតែ​៤ក្រុមប៉ុណ្ណោះ នៅក្នុងតំបន់អាស៊ីខាងកើត ស្របពេលការប្រកួត៤ក្រុមផ្សេងទៀត នៅតំបន់អាស៊ី​ខាង​លិច គឺពុំទាន់អាចរៀបចំបានឡើយ ក្រោមហេតុផលនៃវិវាទសង្គ្រាមមជ្ឈិមបូព៌ា។

ការប្រកួតវគ្គជម្រុះក្នុងពូលតាមតំបន់ទាំង២ ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League ២០២៥-២៦ ត្រូវ​បានចាប់​ផ្ដើម​ វគ្គ៨ក្រុមតំបន់​ខាងកើត​ចាប់​ផ្ដើម​នៅ​ថ្ងៃទី៥ មីនា ស្រប​ពេល​តំបន់​ខាង​លិត ​ត្រូវ​បាន​ពន្យា​ពេល ដោយ​សារ​ស្ថាន​ភាព​ភូមិសាស្ត្រ ខណៈវគ្គ​ផ្ដាច់​ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕

Share.