សិល្បៈជាតិ៖ តាំងពីបញ្ចេញសកម្មភាពប្រុងពលីភាពយន្ត «ប្រវត្តិស្នេហ៍នាងនាថ» រហូតដល់សកម្មភាពក្រៅឆាកខ្លះ និង Poster ភាពយន្ត ហើយលុះមកដល់វីដេអូ Teaser Trailer ភាពយន្តមួយនេះ ទាំងសារព័ត៌មានរបស់ផ្ទះលេខ២ និងអ្នកលេងបណ្ដាញសង្គមហាក់ដូចជានៅមិនស្រណុកក្នុងចិត្តសោះឡើយ ដោយពួកព្យាយាមអុចភ្លើងដុតភាពយន្តខ្មែរមួយនេះឱ្យគិតថាជារឿងចម្លងរបស់ខ្លួន ប៉ុន្តែបែរជាត្រូវម្ចាស់ផលិតកម្ម LD តបវិញបែបទូន្មានឱ្យគិតពិចារណាឡើងវិញក្រោយបានទស្សនាភាពយន្តនេះចប់សិន។

ថ្មីៗនេះសារព័ត៌មានមួយមានឈ្មោះថា TOP News Online ដែលផ្សាយចេញដោយបានប្រើប្រាស់ចំណងជើងព័ត៌មានអត្ថន័យថា ភាពយន្តភីម៉ាក version ខ្មែរ អីចេះដល់កម្រិតនេះ អ្នកលេងបណ្ដាញសង្គមរិះគន់ថា ដូចតាំងពីឈុតសម្លៀកបំពាក់ និងមិត្តភ័ក្ដរបស់តួឯកប្រុស។

នៅក្នុងខ្លឹមសារនៃការចេញផ្សាយនោះ ពិតគឺមាន ៣ សំនួរដែលពួកគេសង្កត់ធ្ងន់ថា ហេតុអ្វីភាពយន្ត «ប្រវត្តិស្នេហ៍នាងនាថ» មានលំនាំភាពយន្ត ភីម៉ាក Thailand ? ហេតុអ្វីមានការស្លៀកសម្លៀកបំពាក់ឈុត Thailand ដូចគ្នាបេះដាក់? និងថាហេតុអ្វីពួកមិត្តរបស់តួឯកប្រុសមាន ៤នាក់ដូចគ្នាខ្លាំង? តើជាភាពយន្តចម្លងមែនទេ?

មែនទែនទៅទោះភាពយន្តខ្មែរមួយនេះមិនទាន់បញ្ចេញឱ្យទស្សនាពេញក៏ដោយក៏ប៉ុន្តែការវិភាគនិងវែកញែកមានជាហូរហែ នោះក៏ព្រោះតែសល់កម្អែលចាស់ពីភាពយន្តមុនធ្លាប់បានជនជាតិថៃធ្វើចលនាពិហីកាមិនទស្សនានៅក្នុងរោងកុន។

ជាការឆ្លើយតបបែបងាយយល់ហើយទទួលយកបាន ចាងហ្វាងផលិតកម្ម LD បានចេញសំណេរឆ្លើយទៅសារព័ត៌មានថៃចំពោះការចេញផ្សាយបែបអុចអាល់វិញថា ៖ «សារព័ត៌មានរបស់ប្រទេសថៃ ធំប៉ុណ្ណឹងដែរ បែរជាមិនចេះវែកញែកប្រភេទរឿង ថាចម្លងឬក៏ដូច រឿងខ្ញុំជាប្រភេទរឿងស្នេហាកំប្លែងអត់មានខ្មោចទេ។ ម៉េចថាដូចឬចម្លងរឿងខ្មោចកំប្លែងរបស់អ្នកឯងកើត រឿងខ្ញុំបានបញ្ចូលទៅដោយវប្បធម៌អរិយធម៌និងសារអប់រំ ដ៏ល្អផូផង់របស់ប្រទេសកម្ពុជា ម៉េចបានថាដូចរឿងខ្មោចអាឡាក់អាឡែតរបស់អ្នកឯងទាំងអ្នកឯងមិនទាន់បានមើលរឿងខ្ញុំផង។ អរគុណសម្រាប់ការតាមដានការងាររបស់ខ្ញុំ»។

គួររំលឹកដែរថា ការរិះគន់មកលើភាពយន្តខ្មែរដែលបង្ហាញពីស្មារតីជាតិនិយមរបស់ពួកគេនោះគ្រាន់តែជាមួយផ្នែកតូចមួយប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប្រជាជនថៃដែលធ្លាប់តែបានលឺពីការនិយាយមិនល្អពីកម្ពុជា និងបានមកកម្សាន្តនៅប្រទេសកម្ពុជាផ្ទាល់បែរជាលាន់មាត់សរសើរថា ហេតុអ្វីប្រទេសនេះមិនដូចអ្វីដែលគេនិយាយសោះ ប្រជាជនមានការស្វាគមន៍រាក់ទាក់ផ្ដល់ក្ដីស្រឡាញ់ផ្ដល់ភាពកក់ក្ដៅដល់ជនជាតិខ្លួនដោយស្នាមញញឹមក្នុងនាមជាមិត្តមិនមែនជាសត្រូវទៅវិញ។

ជារួមមកវិញនៅក្នុងព័ត៌មាននេះ សារព័ត៌មានត្រយងពុំមានចេតនាណាមួយបង្ហាញឱ្យមានការរើសអើងពូជសាសន៍នោះទេ ប៉ុន្តែគ្រាន់តែចង់ឱ្យអ្នកគាំទ្រពិចារណាទៅលើចំនុនសំខាន់មួយដែលផ្អែកលើទស្សនៈទានរបស់ព្រះពុទ្ធសាសនាដែលបានប្រើប្រាស់ក្នុងការរស់នៅដែលថា ការរស់នៅក្នុងបច្ចុប្បន្នចូរអ្នកមើលឃើញភាពស្រស់ស្អាតរបស់ផ្កាមួយទងៗ នោះជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរ អតីកាលកាលកន្លងបាតបង់ទៅហើយ អនាគតក៏មិនទាន់មកដល់ អ្នកត្រូវរៀនរស់នៅក្នុងបច្ចុប្បន្ន អ្នកចាប់កំណើតជាថ្មីម្ដងទៀតដូចនេះអ្វីដែលត្រូវធ្វើនិងសំខាន់ខ្លាំងណាស់ គឺការផ្ដល់ក្ដីស្រឡាញ់ដល់មនុស្សដែលនៅជុំវិញខ្លួន៕

https://youtu.be/CEPbf5Jg2d4
Share.