ព្រឹត្តិការណ៍​កីឡា​និស្សិត​តំបន់​អាស៊ាន 2024 ASEAN University Games ដែល​កំពុង​ដំណើរការ​នៅ​ទីក្រុង​ Surabaya ខេត្ត​ East Java ប្រទេស​ឥណ្ឌូនេស៊ី ស្រប​ពេល​ដែល​កម្ពុជា ដណ្តើម​បាន​មេដាយ​ប្រាក់​១គ្រឿង​ហើយ ដោយ​​កីឡា​ការិនី កែវ វ៉ាន់ឌឿន ផ្នែក​កីឡា​យូដូ វិញ្ញាសា​នារី​ទម្ងន់​៤៨​គីឡូក្រាម។

មុន​ដណ្តើម​បាន​មេដាយ​ប្រាក់​កីឡា​ការិនី កែវ វ៉ាន់ឌឿន បាន​យក​ឈ្នះ​លើ​កីឡា​ការិនី ROSALI Alyaa Yasmeen របស់​ម៉ាឡេស៊ី តែ​បាន​ចាញ់​កីឡា​ការិនី ROSITA Meli Marta របស់​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ មិថុនា ២០២៤ លើ​ទីលាន​​ក្នុង​សាល​របស់​សាកលវិទ្យាល័យ Airlangga University។

ព្រឹត្តិការណ៍​កីឡា​និស្សិត​តំបន់​អាស៊ាន 2024 ASEAN University Games មាន​ប្រទេស​ជា​សមាជិក​ចំនួន១១​ចូលរួម ក្នុង​នោះ​បាន​ដាក់​កីឡា​ចំនួន​២១​ប្រភេទ មាន​សរុប​២៥០​វិញ្ញាសា​ឱ្យ​និស្សិត​ប្រកួត​ប្រជែង​ចាប់​ពី​ថ្ងៃ​ទី​២៥ មិថុនា ដល់​៦ កក្កដា ឆ្នាំ​២០២៤ នៅ​ទីក្រុង Surabaya និង Malang របស់​ខេត្ត East Java។

ព្រឹត្តិការណ៍​កីឡា​នេះ​រៀបចំ​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៨១ មក​ម៉្លេះ ដោយ​ប្រកួត​រាល់​២​ឆ្នាំ​ម្តង ខណៈ​​កម្ពុជា ទើប​តែ​បាន​បញ្ជូន​ក្រុម​ចូលរួម​ប្រកួត​បាន​៥លើក​ប៉ុណ្ណោះ ព្រម​ទាំង​ធ្លាប់​ឈ្នះ​បា​ន​មាស ១១គ្រឿង មេដាយ​ប្រាក់ ២១ គ្រឿង និងមេដាយ សំរឹទ្ធិ ៣០ គ្រឿង។

ចំពោះ​ការ​ប្រកួត​​លើក​នេះ កម្ពុជា​​បញ្ជូន​ ៦ប្រភេទកីឡា រួមមាន ប្រភេទ​កីឡាប៉េតង់, តេក្វាន់ដូ WT, អត្តពលកម្ម ,ការ៉ាតេ, ហែលទឹក និង​យូដូ ដោយ​មាន​ប្រតិភូ​សរុបចំនួន៤៥រូប។ កម្ពុជា បែងចែក​ការ​ចេញ​ដំណើរ​ទៅ​ប្រកួត​ជា​២​ក្រុម ដោយ​ក្រុមទី១ មាន៣ប្រភេទកីឡា យូដូ ហែលទឹក និងប៉េតង់ និង​ក្រុមទី២ មាន​ប្រភេទ​កីឡា​ អត្តពលកម្ម, តេក្វាន់ដូ WT និង​ការ៉ាតេ៕

Share.