ខ្សែប្រយុទ្ធ Kazuyoshi Miura ដែលជាកីឡាករជប៉ុន មានវ័យ៥៧​ឆ្នាំ​ បានផ្លាស់ទៅចូលរួមជាមួយក្រុមបាល់ទាត់ Atletico Suzuka សមាជិកលីគលំដាប់ទី៤ របស់ប្រទេសជប៉ុន Japan Football League សម្រាប់រដូវកាល ២០២៤-២៥ ក្នុងលក្ខខណ្ឌខ្ចីជើង។

នេះគឺក្លិបទី១៧ របស់កីឡាករ វ័យ​ចំណាស់​ជាងគេ​លើ​ពិភពលោក Kazuyoshi Miura បន្ទាប់ពីប្រកបអាជីពបាល់ទាត់ដំបូងតាំងឆ្នាំ ១៩៨៦ រហូតដល់បច្ចុប្បន្ន ចំណាយពេលលើទីលាន៣៩ឆ្នាំ ហើយដោយឆ្លងកាត់ប្រទេសជាច្រើនដូចជា ប្រេស៊ីល អ៊ីតាលី ក្រូអាត អូស្ត្រាលី ព័រទុយហ្គាល់ និងជប៉ុន ជាដើម។

Kazuyoshi Miura ត្រូវគេស្គាល់ថា King Kazu បានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់ដំបូងគេនៅក្លិប Santos លីគកំពូលរបស់ប្រទេសប្រេស៊ីល ក្នុងឆ្នាំ១៩៨៦ ហើយក៏បន្តលេងឲ្យក្លិប Palmeiras, Matsubara, Jaú, Coritiba ជាដើម។

លុះដល់ឆ្នាំ១៩៩០ ទើបគាត់ទៅលេងឲ្យក្លិប Tokyo Verdy លីគទី២របស់ប្រទេសជប៉ុន បន្ទាប់មក​ Miura ត្រូវបានក្លិប Genoa លីគកំពូលអុីតាលីខ្ចីជើង ចំនួន១រដូវកាលនៅឆ្នាំ១៩៩៤ និងបន្តផ្លាស់ទីកាន់ក្លិប Dinamo Zagreb លីគកំពូលរបស់ប្រទេសក្រូអាត។

អ្វីកាន់តែពិសេស Miura​ លេងឲ្យក្លិប Yokohama FC ដល់ទៅ១៧រដូវកាលឯណោះ ពោលគឺចាប់តាំងពីឆ្នាំ ២០០៥ នៅពេលដែលលោកទើបតែមានវ័យ៣៦ឆ្នាំ។

ខណ:ក្នុងក្រុមជម្រើសជាតិជប៉ុន Kazuyoshi Miura ធ្លាប់ជាប់តាំងពីឆ្នាំ១៩៩០ ដល់ឆ្នាំ ២០០០ ដោយរូបគេបានបង្ហាញខ្លួនសរុប ៨៩ប្រកួត និងស៊ុតបញ្ចូលទីបាន ៥៥គ្រាប់ ហើយខ្សែប្រយុទ្ធវ័យ៥៥ឆ្នាំរូបនេះក៏ធ្លាប់លេងឲ្យជម្រើសជាតិជប៉ុន Futsal ផងដែរ ដោយបង្ហាញខ្លួនបាន ៦ប្រកួត និងរកបាន ១គ្រាប់។

គួរដឹងថាកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ខ្សែប្រយុទ្ធ Kazuyoshi Miura បានបំបែកកំណត់ត្រាពិភពលោក Guinness World Records ក្នុងនាមជាកីឡាករវ័យចំណាស់ជាងគេដែលអាចស៊ុតបាល់បញ្ចូលទីក្នុងក្របខណ្ឌបាល់ទាត់អាជីពរបស់ប្រទេសជប៉ុន ឲ្យក្លិបបាល់ទាត់ Suzuka Point Getters ក្នុងវ័យ៥៥ឆ្នាំ និង២៤៦ថ្ងៃ៕

Share.