លីគ​បាល់ទាត់​​កំពូល​វៀតណាម 2023–24 V.League 1 បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ ដោយ​បាន​ទៅ​ក្រុម Thep Xanh Nam Dinh ក្រោយ​ប្រកួត​​វិលជុំ​សន្សំ​ពិន្ទុ​២៥​លើក ឈ្នះ​១៥​លើក ស្មើ​៥​លើក​និង​ចាញ់​៥លើក មាន​៥០​ពិន្ទុ​ច្រើន​ជាង​ក្រុម​១៣​ផ្សេង​ទៀត។

សម្រាប់​លីគ​កំពូល​វៀតណាម ​ក្រុម​ជើង​ឯក​មាន​ឈ្មោះ​​ឡើង​ទៅ​ប្រកួត​កម្រិត​ទ្វីប​អាស៊ី ពោល​គឺ​ក្រុម​ជើង​ឯក​មាន​ឈ្មោះ​ចូល​វគ្គ​ចែក​ពូល​ពានរង្វាន់​កម្រិត​ទី២​​ប្រចាំ​ទ្វីប 2024–25 AFC Champions League Two ស្រប​ពេល​ក្រុម​ចំណាត់​ថ្នាក់​លេខ​២ MerryLand Quy Nhon Binh Dinh ​និង​លេខ៣ Hanoi FC មាន​ឈ្មោះ​តំណាង​ឱ្យ​ក្រុម​វៀតណាម ចូលរួម​ប្រកួត​ពានរង្វាន់​កម្រិត​តំបន់​អាស៊ាន 2025–26 ASEAN Club Championship។

ចំណែក​ក្រុម​ចំណាត់​ថ្នាក់​លេខ​១៣ Song Lam Nghe An ត្រូវ​ប្រកួត​ជម្រុះ ជាមួយ​ក្រុម​លេខ២​លីគ​ទី២ V.League 2 រដូវកាល​នេះ ដើម្បី​រក្សា​កៅអី​​ចូល​ប្រកួត​ពានរង្វាន់ V.League 1 ក្នុង​រដូវកាល​ក្រោយ ស្រប​ពេល​ដែល​ក្រុម​ Khanh Hoa ដែល​នៅ​បាត​តារាង​រដូវកាល​នេះ ត្រូវ​ធ្លាក់​ទៅ​ប្រកួត​​ក្នុង​ពានរង្វាន់​កម្រិត​ទី២​ 2024–25 V.League 2 រដូវកាល​ក្រោយ។

នេះ​ជា​លើក​ទី២ ​ហើយ​សម្រាប់​ក្រុម​ Thep Xanh Nam Dinh ដែល​គ្រង​ជើង​ឯក​លីគ​កំពូល​វៀតណាម ខណៈ​ការ​ឈ្នះ​លើក​ដំបូង​តាំង​ពី​ឆ្នាំ​១៩៨៥ មក​ម៉្លេះ តែ​យ៉ាង​ណា​ក្ដី​ក្រុម​នេះ​ធ្លាប់​រង​ជើង​ឯក​​ចំនួន​២​លើក​គឺ​នៅ​រដូវកាល​២០០០-០១ និង​២០០៤។ យ៉ាងណាក្តី​ក្រុម​នេះ​ធ្លាប់​មាន​ប្រវត្តិ​ធ្លាក់​ទៅ​លេង​នៅ​លីគ​ទី២​វៀតណាម អស់​៨​រដូវកាល ទើប​ឡើង​មក​លេង​លីគ​កំពូល​វិញ​ពី​ត្រឹម​រដូវកាល​២០១៧ កន្លង​ទៅ។

ក្រៅ​ពី​ក្លិបThep Xanh Nam Dinhគ្រង​ជើង​ឯក ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Rafaelson របស់​ក្រុម​បាន​ឈ្នះ​ស្បែក​ជើង​មាស​ប្រចាំ​រដូវកាល​ផង​ដែរ ក្រោយ​រូប​គេ​រក​បាន​គ្រាប់​បាល់​រហូត​ដល់​៣១​គ្រាប់​ម្នាក់​ឯង​ច្រើន​ជាង​កីឡាករ​ដទៃ។

ក្លិប Thep Xanh Nam Dinhមាន​មូលដ្ឋាន​នៅ​ខេត្ត Nam Định ដែល​នៅ​មិន​ឆ្ងាយ​ពី​រដ្ឋធានី​ហាណូយ មាន​អាយុ​កាល​៥៩​ឆ្នាំ ដោយ​ប្រើប្រាស់​កីឡដ្ឋាន Thiên Trường Stadium។ ក្លិប​នេះ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Xuan Thien Group ដែល​មាន​លោក Nguyễn Tân Anh ជា​ប្រធាន​ក្លិប។

ដូច្នេះ​ក្នុង​នាម​ម្ចាស់​ជើង​ឯក​ក្រុម Thep Xanh Nam Dinh ទទួល​បាន​ប្រាក់​រង្វាន់​លើក​​ទឹកចិត្ត​ចំនួន​៥​ពាន់​លាន​ដុង (២០៥ ១៥០ដុល្លារ) ហើយ​ក្រុម​ជើង​ឯក​រង MerryLand Quy Nhon Binh Dinh ​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​៣​ពាន់​លាន​ដុង (១២៣ ០៩០ដុល្លារ) និង​ក្រុម​លេខ៣ Hanoi FC ទទួល​បាន​១.៥​ពាន់​លាន​ដុង (៦១ ៥៤៥ដុល្លារ)៕

រូបថត៖ V League 1

Share.