ក្រុមបាល់ទះបុរសស្លូវេនី នឹង​ត្រូវ​ជួបជប៉ុន ក្រុមបាល់ទះបុរសប៉ូឡូញ ត្រូវបារាំង នៅ​វគ្គពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់​បាល់ទះ​ផ្នែក​បុរសកម្រិតពិភពលោក 2024 FIVB Volleyball Men’s Nations League។

មុនឡើង​មកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ជប៉ុន យកឈ្នះ កាណាដា ប៉ូឡូញ ឈ្នះប្រេស៊ីល បារាំង ឈ្នះ អ៊ីតាលី និងស្លូវេនី ឈ្នះអាហ្សង់ទីន។

លទ្ធផលប្រកួតថ្ងៃទី២៧ មិថុនា៖

  • ជប៉ុន ៣-០ កាណាដា (26–24 , 25–18, 26–24)
  • ប៉ូឡូញ ៣-១ ប្រេស៊ីល (18–25, 25–23, 25–22, 25–16)

លទ្ធផលប្រកួតថ្ងៃទី២៨ មិថុនា៖

  • អ៊ីតាលី ២-៣ បារាំង (25–19, 20–25, 25–22, 22–25, 11–15)
  • ស្លូវេនី ៣-២ អាហ្សង់ទីន (19–25, 25–17, 17–25, 29–27, 15–7)

ក្រុម​ខ្លាំង ៤ នឹង​ត្រូវ​​ជួប​គ្នា​នៅ​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៩ មិថុនា ។ សម្រាប់​ការ​ប្រកួត​យក​ចំណាត់​ថ្នាក់​លេខ៣ និងវគ្គ​ផ្ដាច់ព្រ័ត្រដណ្ដើម​ជើង​ឯក និង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៣០ មិថុនា ២០២៤។

កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្ងៃទី២៩ មិថុនា៖

  • ប៉ូឡូញ ប៉ះ បារាំង វេលាម៉ោង ៥:០០នាទីល្ងាច
  • ស្លូវេនី ប៉ះ ជប៉ុន វេលាម៉ោង ៨:០០នាទីយប់

ប្រកួតពានរង្វាន់​បាល់ទះ​ផ្នែក​បុរស​ 2024 FIVB Volleyball Men’s Nations League​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ បានចាប់​ផ្ដើម​ដំណើរ​ការ​ពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី៣០ មិថុនា ២០២៤ ដោយ​មាន​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន១៦ក្រុម ធ្វើឡើង​នៅប្រទេសប៉ូឡូញ។

ក្រុម​ទាំង​១៦ ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ FIVB Volleyball Men’s Nations League មាន​អាហ្សង់ទីន, ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, គុយបា, បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ហុល្លង់, ប៉ូឡូញ, តួកគី, ស្លូវេនី, ស៊ែប៊ី និង សហរដ្ឋអាមេរិក ដោយ​​ត្រូវ​​ចាប់​គូ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ដើម្បី​រក​អ្នក​មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​៤ក្រុម​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕

Share.