ភ្នំពេញ ៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ចុះហែលទឹកលេង ស្រាប់តែអស់ដៃ បណ្តាលឱ្យលង់ស្លាប់លិចបាត់ មិត្តភក្តិទៅជាមួយគ្នាព្យាយាមជួយ ជ្រមុជរាវរកតែមិនឃើញ ផ្អើលប្រជាពលរដ្ឋ ក្រុមគ្រួសារ ទៅរាវរក ស្រង់ឡើងគោក ឪពុកសង្វេគពេកលើកសពកូនប្រុសដាក់ឱ្យលើដើមទ្រូង នៅមាត់ទឹក ធ្វើឱ្យពលរដ្ឋអាណិតពន់ពេក ក្នុងជីវភាពក្រីក្រ រកតែលុយធ្វើបុណ្យមិនបានផង ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅប្រឡាយតាហោ ក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពក្មេងប្រុសមានឈ្មោះ ព្រីង មករា អាយុ ១៤ឆ្នាំ ស្នាក់នៅជាមួយឪពុក ជាកម្មករសំណង់ ម្តាយជាអ្នកលក់លៀស នៅក្នុងភូមិកើតហេតុខាងលើ ក្នុងស្ថានភាពជីវភាពក្រក្សត់ មានស្រុកកំណើតនៅភូមិពោធិ៍រៀង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

តាមការយំរៀបរាប់ពីម្តាយក្មេងរងគ្រោះបានឱ្យដឹងថា គាត់មានកូន២នាក់ មិនបានទៅរៀនសូត្រនឹងគេទេ ព្រោះតែជីវភាពក្រលំបាក កូនប្រុសខាងលើ មកតាមឪពុក ដោយសុីឈ្នួលធ្វើការឱ្យគេ គ្រាន់បានលុយ ឱ្យឪពុកម្តាយ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ មានក្មេង៤នាក់ ប្រុស៣នាក់ ស្រី១នាក់ នាំគ្នាទៅងូត ហែលទឹកលេងក្នុងប្រឡាយ ស្រាប់តែក្មេងរងគ្រោះហែលអស់ដៃ បណ្តាលឱ្យលង់ ហើយត្រូវបានក្មេង៣នាក់ទៀត ហែលទៅជួយ តែមិនបានសម្រេច ចាប់មិនជាប់ លង់លិចបាត់ក្នុងទឹក ព្យាយាមជ្រមុជរាវរកតែមិនឃើញ ទើបផ្អើលឆោឡោ អ្នកភូមិ ក្រុមគ្រួសារ នាំគ្នាចុះរាវរក ប្រទះឃើញស្លាប់បាត់ទៅហើយ ។ អ្វីដែលសង្វេគ ឪពុកលើកសពកូនប្រុសដាក់ឱបលើដើមទ្រូងដេកនៅមាត់ទឹក ធ្វើឱ្យពលរដ្ឋ នឹកសែនអាណិតខ្លោចចិត្ត ។

សពក្មេងប្រុសត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ស្នងការក្រុងភ្នំពេញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយលង់ទឹក ។ ដោយក្តីអាណិត កុំថាឡើយលុយធ្វើបុណ្យសពកូន សូម្បីតែលុយជាសោហុយ ដើម្បីយកសពកូនវិលទៅស្រុកក៏គ្មានផង ត្រូវបានរថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយដឹកបញ្ជូនសពក្មេងប្រុសដល់ផ្ទះឯស្រុកកំណើត និងចូលជាបច្ច័យ រួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផងដែរ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.