សិល្បៈ​អន្តរជាតិ៖ តារាសម្ដែងស្រី​ Michelle Chen ត្រូវ​បាន​គេ​សង្កេតឃើញ​ថា​នាង​បានពាក់ចិញ្ចៀន​រៀបការ​ អំឡុងពេល​បង្ហាញ​វត្តមាន​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី​របស់​ខ្លួន​រឿង​ «Dear Enemy» នៅ​ក្នុង​មហោស្រព​ភាពយន្ត​ទូរទស្សន៍ ស៊ាងហៃ ២០២៤ ខណៈ​ដែល​កំពុង​តែមាន​ដំណឹង​លែងលះជាមួយ​នឹង​ស្វាមី Chen Xiao ដែល​ធ្វើ​ឱ្យ​មជ្ឈ​ដ្ឋាន​ទូទៅ​យល់​ឃើញ​ថា នេះ​ប្រហែល​ជា​តម្រុយ​មួយ​ដែល​អ្នក​នាង​ចង់​បង្ហាញ​ថា​ អាពាហ៍ពិពាហ៍នៅ​រឹងមាំ​ មិន​ដូច​ជា​ដំណឹង​ចចាមអារ៉ាម​នោះ​ឡើយ​។

នេះ​មិន​មែនជា​លើក​ទីមួយ​ឡើយដែល​​គូស្នេហ៍ទាំងពីរត្រូវប្រឈម​នឹងដំណឹង​លែងលះ ព្រោះ​អាពាហ៍ពិពាហ៍រវាង​អ្នក​ទាំង​ពីរ​មិន​ទទួល​បាន​ការ​សាទរ​តាំង​ពីដំបូង​ដោយ​មនុស្ស​ភាគ​ច្រើន​យល់​ថា​នាង​ មិនសក្ដិសម​នឹង​ស្វាមី Chen Xiao។

គួររំលឹកផងដែរថា​ ដំណឹង​ចចាមអារ៉ាមនេះ​ផ្ទុះចេញ​មក​ក៏ដោយសារតែមាន​អ្នក​សង្កេតឃើញ​លោក Chen Xiao មិន​បាន​ពាក់ចិញ្ចៀន​រៀបការ​នៅពេល​បង្ហាញ​ខ្លួន​ជាសាធារណៈ​។ ត្បិត​ Michelle ​បាន​ពាក់ចិញ្ចៀន​រៀបការ​ប៉ុន្តែ​​​គ្រប់​យ៉ាង​នៅ​តែស្ថិត​ក្នុង​ភាពស្រពិចស្រពិល​ដដែល​ ដរាបណា​ មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​អ្នក​ទាំងពីរ​ដោយ​ផ្ទាល់​៕

Share.